(សៀមរាប)៖ ថ្ងៃទី២៧​ ខែកញ្ញា ឆ្នាំ២០២៤ វិស័យឯកជន​ក្នុងខេត្តបានសហការជាមួយរដ្ឋបាលខេត្តសៀមរាបរៀបចំកម្មវិធីហែក្បួនអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ ក្រោមប្រធានបទ៖ «ទេសចរណ៍ និងសន្តិភាព» ដឹកនាំដោយលោក ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាកខេត្ត​ និងលោក​ ង៉ូវ​ សេង​កាក់​ អភិបាលរងខេត្ត​ ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត តំណាងគ្រឹះស្ថានអង្គរ តំណាងរដ្ឋបាលសង្កាត់ទាំង១២ ក្នុងក្រុងសៀមរាប តំណាងសមាគមទេសចរណ៍ក្នុងខេត្តសៀមរាប និងប្រតិបត្តិករទេសចរណ៍ប្រមាណជាង​ ១០០០នាក់។

សូមបញ្ជាក់ថា​ ក្បួនដង្ហែនេះចែកចេញជា ១២ ផែន រួមមានៈ ផែនឆៃយាំ ផែនព្រាបសន្តិភាព ផែនក្រុមភ្លេងបុរាណ ផែនមន្ត្រីរាជការ ក្រុមនារីស្លៀកសំលៀកបំពាក់តាមព័ណ៌តាមថ្ងៃ​ ផែនក្លឹបបណ្តុះបណ្តាលសិល្បៈខ្មែរអង្គរ ផែនប្រតិបត្តិករណ៍ទេសចរណ៍ ផែនល្បុកត្តោ​ ផែនសិល្បៈល្ខោនខោល ផែនរបាំក្ងោកពោធិ៍សាត់​ ផែនស្គរស្ត្រីមេធា​ ផែនក្រុមរ៉ឺម៉កកង់បី និងឡា​ន។ ទន្ទឹមនឹងនេះក៏មានការរៀបចំស្តង់ម្ហូបខ្មែរចំនួន ១២ ស្តង់ សម្រាប់ចែកជូនភ្ញៀវទេសចរភ្លក់ដោយឥតគិតថ្លៃ នៅចំណុចចាប់ពីហាងកាហ្វេ Starbuck មកដល់ភោជនីយដ្ឋាន Red Piano (ផាប់ស្ទ្រីត) ៕