(កាណាដា)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាតុមូលស្ដីពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលមានការចូលរួមពីសមាជិក សមាជិការ នៃក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន (Canada-ASEAN Business Council- CABC) ដឹកនាំដោយលោក Louis Vachon ជាសហប្រធានប្រចាំកាណាដានៃ CABC,តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា, លោក Alan Bowman អគ្គនាយកកិច្ចការសកលរបស់កាណាដាទទួលបន្ទុកអាស៊ីអាគ្នេយ៍ និងអូសេអានី តំណាងរដ្ឋាភិបាលកាណាដា, លោក Stephane Achard អនុប្រធានប្រតិបត្តិផ្នែកអន្តរជាតិ នៃធនាគារជាតិកាណាដា, និងវិស័យឯកជនកម្ពុជា-កាណាដាជាច្រើនរូបផងដែរ។
ក្នុងជំនួបដែលបានធ្វើកាលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់) លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានចែករំលែកព័ត៌មានជាមូលដ្ឋានជូនដល់អង្គប្រជុំបានជ្រាប និងចូលរួមផ្សព្វផ្សាយបន្ត អំពីវឌ្ឍនភាពថ្មីៗរបស់កម្ពុជាលើគ្រប់វិស័យ ក្រោមការគិតគូរយ៉ាងម៉ត់ចត់ពីរាជរដ្ឋាភិបាលកម្ពុជា ពិសេសគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានបន្តយកចិត្តទុកដាក់យ៉ាងពេញទំហឹងលើការកសាងមូលធនមនុស្ស, ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទទាំងរឹង និងទន់, ព្រមទាំងការពង្រឹងវិស័យឯកជន និងធុរកិច្ច ក្នុងវិស័យមានសក្តានុពលនានា វិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងឧស្សាហូបនីយកម្មជាដើម។
កម្ពុជាជាប្រទេសតូចដែលបើកចំហរទទួលការវិនិយោគពីគ្រប់ទិសទីស្របតាមច្បាប់ស្ដីពីវិនិយោគកម្ពុជាដោយពុំមានការរើសអើង ឬការបែងចែកណាមួយសម្រាប់ប្រទេសផ្សេងៗគ្នាឡើយ។ ជាមួយគ្នានេះដែរ ក្រៅអំពីទីផ្សាររបស់កម្ពុជាក្នុងតំបន់អាស៊ាន, ទីផ្សារពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP), និងពីកិច្ចព្រមព្រៀងផ្សេងៗជាច្រើនទៀត កម្ពុជាក៏បានទទួលអត្ថប្រយោជន៍បន្ថែមផងដែរពីប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាម៉េរិក និងប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។
បច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការងារវិនិយោគឯកជន ដែលនឹងបន្តខិតខំយ៉ាងពេញទំហឹងដើម្បីសម្របសម្រួលការងារវិនិយោគរបស់វិនិយោគិនពីគ្រប់ប្រទេស ដែលសម្រេចចិត្តបណ្ដាក់ទុននៅកម្ពុជា។ របៀបវារៈថ្មីមួយដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំឱ្យក្លាយទៅជាយន្តការកិច្ចសន្ទនាផ្លូវការរវាងរដ្ឋនិងឯកជន សម្រាប់ជួបពិភាក្សាស្ដាប់ និងដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិន ហើយបច្ចុប្បន្នកម្ពុជាកំពុងអនុវត្តយន្តការនេះ ជាមួយប្រទេសជប៉ុន សហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក ហើយគ្រោងនឹងរៀបចំជាមួយប្រទេសផ្សេងៗជាបន្តបន្ទាប់ទៀតផងដែរ។
ក្រោយបានទទួលស្ដាប់បទបង្ហាញរបស់លោកឧបនាយករដ្ឋមន្ត្រីរួចមក លោក Stephane Achard ក៏បានលើកបង្ហាញអំពីលទ្ធផលដ៏ល្អប្រសើរដែលធនាគារជាតិកាណាដា បានសម្រេចផ្ដល់ទុនវិនិយោគ ជូនដល់សមាជិក សមាជិកររបស់ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ានទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន ហើយធនាគារជាតិកាណាដានឹងបន្តមានសុទិដ្ឋនិយមខ្ពស់សម្រាប់កិច្ចការងារនេះ។
ជាលទ្ធផលនៃអង្គប្រជុំ សមាជិក សមាជិកររបស់ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ក៏រំលេចលើកឡើងអំពីចំណាប់អារម្មណ៍ខ្ពស់នឹងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជាលើវិស័យមានជាអាទិ៍ ថាមពល និងកសិកម្ម៕