(តេហេរ៉ង់)៖ កងកម្លាំងឆ្មាំការពារជាតិអ៊ីរ៉ង់ បានផលិតដោយជោគជ័យ និង ដាក់បង្ហាញយន្ដហោះ គ្មានមនុស្សបើក ដោយបច្ចេកវិទ្យារបស់វា គឺសឹងតែដូចគ្នាបេះបិត ទៅនឹងយន្ដហោះបំបំាងកាយ គ្មានមនុស្សបើកធុន RQ-170 នៃ សហរដ្ឋអាមេរិក ដែលត្រូវបានអ៊ីរ៉ង់ស្ទាក់ចាប់កាលពីឆ្នាំ២០១១។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០១៦។
ស្ថានីយ៍ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានចេញផ្សាយជាសារធារណៈនូវរូបភាពជាច្រើនស្ដីពីការរីកចម្រើននៃ ឧស្សាហកម្មជាតិផ្នែកសព្វាវុធ ក៏ដូចជាបង្ហាញយន្ដហោះគ្មានមនុស្សបើកមួយគ្រឿងឈ្មោះថា Shahed-129 ដែលបានចម្លង ស្ទើរតែទំាងស្រុងពីយន្ដហោះគ្មានមនុស្សបើកធុន RQ-170 របស់សហរដ្ឋអាមេរិក ដែលត្រូវអ៊ីរ៉ង់ស្ទាក់ចាប់បាន កាលពីឆ្នាំ២០១១ ខណៈកំពុងធ្វើប្រតិបត្តិការ ស៊ើបការសម្ងាត់ពីលើតំបន់ភាគកើតប្រទេសអ៊ីរ៉ង់។
តាមការអះអាងរបស់រដ្ឋាភិបាលទីក្រុងតេហេរ៉ង់ បន្ថែមថា Shahed-129 ជាប្រភេទយន្ដហោះយោធា បំពាក់ប្រព័ន្ធគ្រប់គ្រងគ្រាប់បែកឆ្លាតវៃ ព្រមទំាងអាចធ្វើការវាយប្រហារលើគោលដៅ ចំនួនបួន ក្នុងពេលតែមួយផងដែរ។ ដោយឡែក ពាក់ព័ន្ធនឹងយន្ដហោះគ្មានមនុស្សបើក RQ-170 ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ធ្លាប់បានផ្ញើលិខិតស្នើសុំជាផ្លូវមួយឱ្យអ៊ីរ៉ង់ ប្រគល់យន្ដហោះនេះ មកវិញ ក៏ប៉ុន្តែអ៊ីរ៉ង់បដិសេធ ហើយមិនតែប៉ុណ្ណោះក្រោយមកទៀតនៅខែកុម្ភៈ ឆ្នាំ២០១៣ ទីបញ្ជាការ កងទ័ពអាកាសអ៊ីរ៉ង់ Pasdarans ប្រកាសថា ក្រុមការងាររបស់ខ្លួនបានទម្លាយអាថ៌កំបាំង របស់ RQ-170 តាមរយៈការដោះលេខកូដសម្ងាត់ព័ត៌មាននៅ ក្នុងយន្ដហោះយោធាមួយគ្រឿងនេះថែមទៀត។
សូមជំរាបថា យន្ដហោះគ្មានមនុស្សបើកនិង បំបំាងកាយរបស់សហរដ្ឋអាមេរិកធុន RQ-170 គឺមាន តម្លៃប្រមាណជា ៦លានដុលា្លរ ប៉ុន្តែគេពុំទាន់ដឹងនៅឡើយទេ ពីតម្លៃយន្ដហោះចម្លង Shahed-129 របស់អ៊ីរ៉ង់ នោះ៕