(កង់បេរ៉ា)៖ ប្រទេសអូស្រ្តាលី នឹងមានខែ្សរថភ្លើងដែលមានអាចធ្វើដំណើរក្នុងល្បឿនដ៏លឿនបំផុត មិនធ្លាប់មាន ដល់ទៅ១,០០០គីឡូម៉ែត្រ/ម៉ោង ឯណោះ ដែលនឹងត្រូវតភ្ជាប់ពីទីក្រុង មែលប៊ន ទៅកាន់ ទីក្រុង ស៊ីដនី បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់សហរដ្ឋអាមេរិក ដែលបានអភិវឌ្ឍន៍គំរោងបង្កើត ផ្លូវរថភ្លើងល្បឿនលឿន នាពេលអនាគតនោះ បានកំណត់យកទីក្រុងដ៏ធំទាំងពីររបស់ប្រទេសនេះ ជាទីតាំងដែលសក្តិសមជាងគេបំផុត។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិចដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៦។
ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ស្ថាបនិកក្រុមហ៊ុន Tesla និង SpaceX លោក Elon Munsk នឹងដាក់ឲ្យអនុវត្តន៍នូវគំរោង Hyperloop របស់លោកមុនគេ នៅក្នុងប្រទេស អូស្រ្តាលី នៅក្រោយពេល លោកបានដាក់បង្ហាញផែនការនៃគំនិតរបស់លោក កាលពីឆ្នាំ២០១៣ ទៅកាន់ក្រុមហ៊ុនផ្សេងៗ ដោយសង្ឃឹមថានឹងមានក្រុមហ៊ុនណាមួយ មានសមត្ថភាពអាចនឹងធ្វើឲ្យ គំនិតរបស់លោកលេចចេញ ជារូបរាងឡើង។
ការរំពឹងរបស់លោក Elon Munsk ពិតជាមិនខកបំណងមែន គឺនៅពេលដែលក្រុមហ៊ុនអាមេរិក Hyperloop One ត្រូវបានបង្កើតឡើងដើម្បីអភិវឌ្ឍន៍គំនិតក្នុងបង្កើតរថភ្លើង ដែលមានល្បឿនលឿន នៅពេលអនាគតនេះ។ ជាមួយគ្នានេះដែរ លោក Alan James ដែលអគ្គនាយករងនៃក្រុមហ៊ុន Hyperloop One បានលើកឡើងថា ដោយសារតែចរាចរណ៍ផ្លូវអាកាសពីទីក្រុង មែលប៊ន ទៅកាន់ ទីក្រុង ស៊ីដនី មានភាពមមាញិកខ្លាំង លោកនឹងផ្តល់ជូននៅមធ្យោយបានធ្វើដំណើរក្រោមដី រវាងទីក្រុងទាំងពីរ ដែលចំណាយពេលអស់ត្រឹម ៥៥នាទីតែប៉ុណ្ណោះ។
មួយវិញទៀត ប្រទេសអូស្រ្តាលី មិនដែលធ្លាប់មានបំណងចង់បង្កើតខ្សែរថភ្លើង ដែលមានល្បឿនលឿន នោះឡើយ ហេតុដូចនេះហើយដែលធ្វើឲ្យប្រទេសមួយនេះ ក្លាយជាបេក្ខភាពដ៏ល្អឥតខ្ចោះ សម្រាប់គំរោង Hyperloop ដែលលោកបានអះអាងថា នឹងអាចដាក់ឲ្យដំណើរជាផ្លូវការទៅបាន នៅក្នុងឆ្នាំ២០១៧ខាងមុខនេះ៕