(សៀមរាប)៖ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានណែនាំដល់មន្ត្រីរាជការសាលាខេត្តទាំងអស់ ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និងមានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ព្រមទាំងបម្រើនូវសេវាជូនប្រជាជនឲ្យបានទាន់ពេលវេលា និងធ្វើការគ្រប់គ្រងឲ្យបានល្អ ចំពោះមន្ត្រីក្រោមឱវាទនៃទីចាត់ការ អង្គភាពទាំង៦ និង មានការទំនាក់ទំនងល្អ ជាមួយបណ្តាមន្ទីរ អង្គភាព និងភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។
ការណែនាំយ៉ាងដូច្នេះរបស់លោក ប្រាក់ សោភ័ណ ក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការសាលាខេត្ត និងជូនថវិកាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីលោក តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត។
លោក ប្រាក់ សោភ័ណ បានលើកឡើងថា ក្នុងលក្ខណៈជាគ្រួសារតែមួយ នៃមហាគ្រួសារមន្ត្រីរាជការសាលាខេត្តសៀមរាប ដែលឆ្លងតាមរយៈការបំពេញការងារនឿយហត់ របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកម្មករសាលាខេត្ត អស់រយៈពេល១ឆ្នាំមកនេះ ធ្វើឲ្យទទួលបាននូវលទ្ធផល ជាផ្លែផ្កាជាទីមោទនក្រៃលែង។ លោកបន្តថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្រោមគោលនយោបាយឈ្នះឈ្នះ បានធ្វើឲ្យប្រទេសជាតិទាំងមូលទទួលបានសន្តិភាពពេញលេញ និងធ្វើឲ្យសេដ្ឋកិច្ចជាតិ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យផងដែរ។
លោកអភិបាលខេត្តបន្ដថា នេះជាប្រពៃណីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំ ដែលជាទំនៀមទំលាប់ប្រពៃណីជាតិម្តងៗ តែងតែធ្វើការជួបសំណេះសំណាលជាមួយមន្ត្រីចូលនិវត្តន៍ ដែលជារៀមច្បង និងមន្ត្រីរាជការ កម្មករ សាលាខេត្តសៀមរាបទាំងអស់ ព្រមទាំង ឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ និងថវិកា ដើមី្បឲ្យគាត់យកទៅប្រើប្រាស់ទៅតាមសេចក្តីតម្រូវការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
លោកបន្ថែមទៀតថា ដើម្បីឲ្យមន្រ្ដីរាជការធ្វើនូវចង្ហាន់ យកទៅប្រគេនព្រះសង្ឃ ដើម្បីឧទិ្ទសកុសលផល បុណ្យជូនដល់វិញ្ញាណក្ខន្ត លោកអ្នកមានគុណ ញាតិកាប្រាំពីរសន្ដាន ដែលបានចែកឋានទៅ តាមរយៈព្រះសង្ឃជាស្រែបុណ្យ ព្រមទាំងសូមឲ្យវិញ្ញាណក្ខន្ធអ្នកទាំងអស់ បានទទួល និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយឲ្យបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។
ក្នុងពិធីនេះ អភិបាលខេត្តក៏បានធ្វើការប្រគល់ថវិកាឧបត្ថម្ភ ជានិមិត្តរូបដល់បណ្តាទីចាត់ការ អង្គភាពទាំង៦ និងតំណាងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងកម្មករ ក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជា ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌផងដែរ៕