(ភ្នំពេញ)៖ ឆ្នាំ២០២៤ជាឆ្នាំ នៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ក្រោមកិច្ចសម្របសម្រួលរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសហភាពសហព័ន្ធយុវជនកម្ពុជា មជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺឆ្លង នៃរដ្ឋបាលខេត្តហៃណាន (Hainan Provincial Administration for Disease Prevention and Control) រួមជាមួយសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលកម្ពុជា-ចិន ស្តីពី «បច្ចេកទេសក្នុងការទប់ស្កាត់ និងបង្ការជំងឺត្រូពិច» រយ:ពេល៣ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២៥ ដល់២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
ពិធីនេះបានបិទបញ្ចប់នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក និងលោកស្រី លីវ យានលីង អនុប្រធានគណ:អចិន្ត្រៃយ៍ក្រុមប្រឹក្សានយោបាយនៃខេត្តហៃណាន ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ចាវ ហៃយាន អគ្គទីប្រឹក្សាស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា, លោកស្រី ឈិន ថាវ អនុប្រធានមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺឆ្លង នៃរដ្ឋបាលខេត្តហៃណាន ព្រមទាំងលោកសាស្ត្រាចារ្យ សាស្ត្រាចារ្យរង វេជ្ជបណ្ឌិត និងអ្នកឯកទេសផ្នែកជំងឺឆ្លងមកពីខេត្តហៃណាន និងពីសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ជាង៤០រូប បានរួមគ្នាសិក្សា ស្រាវជ្រាវ អនុវត្តជាក់ស្តែង ផ្លាស់ប្តូរបទពិសោធន៍ ជាពិសេសលើបច្ចេកទេសបង្ការ និងទប់ស្កាត់ជំងឺត្រូពិច ដូចជាជំងឺគ្រុនចាញ់ និងគ្រុនឈាមជាដើម។
ក្នុងឱកាសនេះ លោកបណ្ឌិត ហេង សុខគង់ បានរំលឹកពីប្រវត្តនៃទំនាក់ទំនងល្អរវាងចិន និងកម្ពុជា ដោយចាប់ផ្តើមពីព្រះបរមរតនកោដ្ឋ សម្តេច នរោត្តម សីហនុ ជាមួយលោកនាយករដ្ឋមន្ត្រី ជូ អិនឡាយ និងលោកប្រធាន ម៉ៅ សេទុង និងបានបង្កើតនូវទំនាក់ទំនងការទូតនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨។
ក្នុងស្មារតីបន្តនូវកិច្ចសហការល្អរវាងប្រទេសទាំងពីរ នៅខែកក្កដា ឆ្នាំ១៩៩៧ សម្តេចតេជោ ហ៊ុន សែន មានជំនួបជាមួយនាយករដ្ឋមន្រ្តី វិន ជាប៉ាវ និងបានជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅថែមទៀត រហូតដល់ឈានចុះកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន (Comprehensive Strategic Partnership) នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០។
ក្នុងនាមជាមិត្តភក្តិល្អ ដៃគូល្អ អ្នកជិតខាងល្អ និងបងប្អូនល្អ កម្ពុជា-ចិន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីចិន Xi Jingping ប្រទេសទាំង២ បានឈានដល់ការចុះកិច្ចព្រមព្រៀងដ៏មានសារសំខាន់ជាប្រវត្តិសាស្រ្តមួយទៀតនោះគឺ សហគមន៍ជោគវាសនាតែមួយ (Communities of Shared Future) នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ដែលជាកម្រិតទំនាក់ទំនងដ៏ស៊ីជម្រៅបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ក្នុងគោលដៅដើម្បីរឹតនូវចំណងមេត្រីភាពកាន់តែខ្លាំងថែមទៀតលើផ្នែកសង្គម សេដ្ឋកិច្ច នយោបាយ សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
ជាមួយគ្នានេះ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភាដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី សម្តេច និងថ្នាក់ដឹកនាំចិន បានផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកជាបន្តបន្ទាប់ ដើម្បីរឹតចំណងកាទូតរវាងប្រទេសទាំងពីរ ឲ្យក្លាយទៅជាសហគមន៍ជោគវាសនាតែមួយពិតប្រាកដ ហើយជាក់ស្តែងឆ្នាំ២០២៤នេះ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
លោកបណ្ឌិត ហេង សុខគង់ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រតិភូមកពីខេត្តហៃណាន នៃប្រទេសចិន ដែលបានសហការរៀបចំនូវវគ្គបណ្តុះបណ្តាល ដ៏មានសារសំខាន់រយៈពេល៣ថ្ងៃនេះ លើបច្ចេកទេសបង្ការ និងទប់ស្កាត់ជំងឺត្រូពិច ដូចជាគ្រុនចាញ់ និងគ្រុនឈាម ដែលតែងតែបន្តយាយីដល់អាយុជីវិតមនុស្ស និងកុមាររាប់លាននាក់នៅលើពិភពលោក។
លោកក៏សូមអរគុណដល់ប្រតិភូទាំងអស់ ដែលនឹងចុះទៅពិនិត្យ និងព្យាបាលមាត់ធ្មេញជូនកុមារនៅខេត្តសៀមរាប និងប្រគល់ជូននូវកៅអីពេទ្យធ្មេញ ដល់មន្ទីរពេទ្យបង្អែកស្រុកសូត្រនិគម ខេត្តសៀមរាបផងដែរ។ លោកបណ្ឌិត សង្ឃឹមយ៉ាងមុតមាំថា នេះមិនមែនជាលើកចុងក្រោយទេ យើងនឹងបន្តកិច្ចសហការជាមួយគ្នា ឲ្យកាន់តែស្អិតរមួតថែមទៀត នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬនៅខេត្តហៃណាន។
ជាមួយគ្នានេះ លោកស្រី លីវ យានលីង អនុប្រធានគណ:អចិន្ត្រៃយ៍ក្រុមប្រឹក្សានយោបាយ នៃខេត្តហៃណាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អគ្គកុងស៊ុលកម្ពុជា ប្រចាំនៅខេត្តហៃណាន ក៏ដូចជាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាស្ថានទូតចិនប្រចាំនៅកម្ពុជា ជាពិសេសសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដែលបានសហការយ៉ាងល្អ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង។
លោកស្រីបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ ជាការរួមចំណែកដ៏សំខាន់ក្នុងការផ្សាភ្ជាប់ទំនាក់ទំនងរវាងខេត្តហៃណាន ជាមួយកម្ពុជា ហើយលោកស្រីបានលើកឡើងនូវទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងកម្ពុជា ចិន ក៏ដូចជាចូលរួមអបអរសាទរនូវការរីកចម្រើនយ៉ាងរហ័សរបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងបន្តវេនដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។
លោកស្រីសង្ឃឹមយ៉ាងមុតមាំថា កម្ពុជា ចិន និងបន្តដំណើរទៅមុខវែងឆ្ងាយជាមួយគ្នា ហើយរីកចម្រើនជាមួយគ្នា។ ព្រមជាមួយគ្នានេះដែរ លោកស្រីក៏បានលើកទឹកចិត្តឲ្យក្រុមគ្រូពេទ្យកម្ពុជា ជាពិសេសក្រុមគ្រូពេទ្យឯកទេសពីសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក បន្តសហការជាមួយមជ្ឈមណ្ឌលបង្ការ និងទប់ស្កាត់ជំងឺឆ្លង នៃរដ្ឋបាលខេត្តហៃណាន ដើម្បីបន្តនូវវគ្គបណ្តុះបណ្តាលរួមគ្នា ទាំងនៅភ្នំពេញ និងនៅហៃណាន ឲ្យបានច្រើនបន្ថែមទៀត។
ជាចុងក្រោយ គណ:អធិបតីក៏បានចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់ក្រុមសិក្ខាកាម ដែលបានចូលរួមទាំងអស់។ ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត ហេង សុខគង់ ក៏បានជូនក្រម៉ាដែលមានប៉ាក់ទង់ជាតិកម្ពុជាដល់ប្រតិភូចិន និងវាគ្មិនចិនទាំងអស់ម្នាក់មួយជាអនុស្សាវរីយ៍ផងដែរ៕