(ម៉ុងត្រេអាល់, កាណាដា)៖ នៅសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោកស្រី Stephanie Émond អនុប្រធាន និងជាប្រធានផ្នែកផលប៉ះពាល់ នៃស្ថាប័នអភិវឌ្ឍន៍ផ្នែកហិរញ្ញវត្ថុរបស់កាណាដា ( FinDev Canada)។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការទទួលគណៈប្រតិភូកម្ពុជាប្រកបដោយភាពរាក់ទាក់។ លោកឧបនាយករដ្ឋមន្ត្រី បានបន្តដោយជម្រាបជូននូវព័ត៌មានសក្ដានុពលអំពីកម្ពុជា ដែលស្ថិតចំកណ្តាលបេះដូងនៃតំបន់អាស៊ាន និងជាច្រកទ្វារទៅកាន់អាស៊ាននិងពិភពលោក ហើយបច្ចុប្បន្នមានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថេរភាពអតិផរណា ជាពិសេសកម្ពុជាមានយុវជនវ័យក្មេងរហូតដល់ ៦០ភាគរយ ប្រកបដោយថាមពល ថាមវន្ត និងការខិតខំប្រឹងប្រែង។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ១,៥លាននាក់ ដើម្បីពង្រឹងសមត្ថភាពយុវជន។
បន្ថែមពីលើនេះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីវិស័យជាអាទិភាព រួមមានវិស័យឧស្សាកម្មប្រើបច្ចេកវិទ្យាកម្រិតខ្ពស់ កសិកម្ម កសិ-ឧស្សាហកម្ម ហើយចំពោះកិច្ចការងារអភិវឌ្ឍប្រកបដោយចីរភាព កម្ពុជាបានដាក់ចេញនូវគោលដៅច្បាស់លាស់សម្រាប់អព្យាក្រឹតភាពកាបូននៅត្រឹមឆ្នាំ២០៥០ ដែលស្របតាមការវិវត្តរបស់ពិភពលោកផងដែរ។ បន្ថែមពីនេះ កម្ពុជាបានដាក់ចេញនូវផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគលើគម្រោងណាមួយផងដែរ៕