(ភ្នំពេញ)៖ យុវតី កើត ស៊ីណាត អតីតសមាជិកចលនាមាតាធម្មជាតិ ដែលបង្កើតឡើងដោយ អាឡិច នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញវីដេអូមួយ ប្រដៅវិទ្យុអាស៊ីសេរី (RFA) ថាកុំឱ្យផ្សព្វផ្សាយអ្វីដែលខុសពីការពិតតទៅទៀត។

ការចេញវីដេអូថ្មីនេះ បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី បានផ្សព្វផ្សាយបំភ្លៃអំពីរូបនាងថា មានការបង្ខិតបង្ខំដើម្បីឱ្យរូបនាងសូមទោសសម្តេចតេជោ ហ៊ុន សែន ដើម្បីជាថ្នូរបាននៅក្រៅឃុំ។

តាមរយៈវីដេអូមួយដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន យុវតីខាងលើ បានលើកឡើងដូច្នេះថា៖ «វីដេអូ ដែលរូបនាងបានធ្វើ កាលពីថ្ងៃទី១៤ ខែកញ្ញា កន្លងទៅនេះ គឺពុំមាននរណាមកបង្ខិតបង្ខំនោះទេ។ នាងមានការភ្ញាក់រលឹកខ្លួនឯង ហើយបោះបង់ចោលនូវបំណង និងសកម្មភាពទាំងឡាយណា ដែលពាក់ព័ន្ធដោយបណ្តាញ មានជនបរទេសនៅពីក្រោយខ្នង»។

នាងបានបញ្ជាក់បន្ថែមថា រូបនាងក៏បានសម្រេចចូលរួមក្នុងជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដែលលោកជានិមិត្តរូបនៃសន្តិភាពរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នាផងដែរ។ ជាមួយគ្នានេះ កញ្ញា បានស្នើវិទ្យុអាស៊ីសេរី ដែលនៅក្រៅប្រទេស កុំនិយាយអ្វីដែលមិនមែនជាការពិតទៀត តាមរយៈការភ្ជាប់រូបនាងទៅនឹងប្រធានបទនយោបាយប្រឆាំង។

យុវតីរូបនោះ បានបញ្ជាក់ទៀតថា៖ «សូមមេត្តាយល់ និងផ្តល់តម្លៃ ដល់ការសម្រេចចិត្តរបស់នាងខ្ញុំ។ នាងមិនមានបំណងអ្វីក្រៅពីចង់ឃើញសង្គមជាតិមួយនេះ មានការបង្រួបបង្រួមជាតិ ដើម្បីឈានទៅរកភាពរុងរឿង និងសុខសាន្តនោះទេ»៕