(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានក្រុមការងារ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (បសប.ហភ) តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតី
ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «ការពង្រឹង និងលើកកម្ពស់ជំនាញប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ»។
ពិធីនេះធ្វើឡើងនៅសាលប្រជុំនៃនាយកដ្ឋានអង្គរក្ស ដែលមានសិក្ខាកាម ជាស្នងការរង នាយការិយាល័យ និងនាយរងការិយាល័យ ចំនួន៤១រូប ដែលអញ្ជើញមកពីបណ្ដាស្នងការដ្ឋាននគរបាលខេត្ត ចំនួន០៨ រួមមាន៖ ខេត្តស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ស៊ាង ធារិទ្ធ បានលើកឡើងថា ការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ គឺជាការងារដែលសំខាន់ក្នុងការចូលរួមទប់ស្កាត់ឧក្រិដ្ឋកម្មជាសកល ដូច្នេះមន្ត្រីដែលបានបញ្ចប់វគ្គបណ្តុះបណ្ដាលនៅពេលនេះ ត្រូវចែករំលែកនូវចំណេះដឹងដែលទទួលបានពីការបណ្ដុះបណ្ដាលនៅវគ្គនេះ ដល់មន្រ្តីស៊េីបអង្កេតតាមការិយាល័យជំនាញក្នុងស្នងការដ្ឋានរបស់ខ្លួន ចាប់ពីថ្នាក់ស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងត្រូវបន្តការស្រាវជ្រាវ និងស្វែងយល់បន្ថែម ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យទៅជាគ្រូឧទ្ទេសដែលប្រកបដោយចំណេះដឹង ជំនាញ និងសមត្ថភាព ដេីម្បីបន្តវេនក្នុងកិច្ចការងារបណ្ដុះបណ្ដាលលេីប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
លោកបានបន្តថា លោក លោកស្រី ស្នងការរង នាយការិយាល័យ នាយរងការិយាល័យ ដែលទទួលគុណសម្បត្តិជាមន្ត្រីបង្គោលគឺជា មន្រ្តីដែលមានសក្ដានុពលកិត្តិយស និងជំនាញលេីការប្រឆាំងការសម្អាតប្រាក់ តាមបណ្ដាស្នងការដ្ឋានរបស់ខ្លួន៕