(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធីរាត្រីបណ្តាញសមាជិក (Members Networking Night) ដេីម្បីឱ្យសមាជិក សមាជិកា មកពីវិស័យផ្សេងៗ បង្កេីតឱកាសតភ្ជាប់បណ្តាញអាជីវកម្ម ចែករំលែកចំណេះដឹង និងស្វែងរកឱកាសសហការក្នុងគោលបំណងលើកកម្ពស់ខ្សែសង្វាក់តម្លៃរួមសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

កម្មវិធីរាត្រីបណ្តាញសមាជិក នេះ បានធ្វើឡើងក្រោមអធិបតីភាព ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ពុជា និងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិចំនួន ១៥០នាក់ ដែលប្រារព្ធធ្វើឡើងនៅអគារ Urban Village Phase One រាជធានីភ្នំពេញ។
 
នាឱកាសនោះ ឧកញ៉ា ងួន ម៉េងតិច បានឱ្យដឹងថា ព្រឹត្តិការណ៍រាត្រីនេះគឺរៀបចំឡើងក្នុងគោលបំណងជំរុញទំនាក់ទំនង និងជាការបើកផ្លូវសម្រាប់ឱកាសថ្មីៗនៅក្នុងវិស័យធុរកិច្ច តាមរយៈការតភ្ជាប់បណ្តាញអាជីវកម្ម និង ឧស្សាហកម្ម ព្រមទាំងវិស័យផ្សេងៗដើម្បីពង្រឹងខ្សែសង្វាក់តម្លៃរួម និងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងប្រទេសកម្ពុជា សំដៅជំរុញនវានុវត្តន៍ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ឧកញ៉ា ងួន ម៉េងតិច បានបន្ថែមទៀតថា គោលបំណងចម្បងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីបង្កើតបរិយាកាសដ៏កក់ក្តៅ និងទាក់ទាញ ដល់សមាជិក សមាជិកា ក្នុងការពង្រឹងទំនាក់ទំនង ចែករំលែកការយល់ដឹង និងស្វែងរកមធ្យោបាយដែលមានសក្តានុពលសម្រាប់កិច្ចសហការនានា។

លោកជឿជាក់យ៉ាងមុតមាំថា ព្រឹត្តិការណ៍នេះនឹងពង្រឹងទំនាក់ទំនងនៅក្នុងសហគមន៍ធុរកិច្ច ស្របពេលដែលរដ្ឋាភិបាលបាននឹងកំពុងដាក់ចេញនូវគោលនយោបាយ លើកកម្ពស់ការចូលរួមយ៉ាងសកម្មពីសំណាក់វិស័យឯកជន ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងជាពិសេសក្នុងន័យជម្រុញបរិយាកាស ការធ្វើអាជីវកម្មនានា ក៏ដូចជាផ្តល់អំណោយផលក្នុងគោលបំណងរួមចំណែក ឆ្ពោះទៅរកកំណើន និងភាពធន់នៃសេដ្ឋកិច្ច។

ឧកញ៉ា ងួន ម៉េងតិច បន្តទៀតថា កម្មវិធីនេះធ្វើឡើងតាមការសន្យាចំពោះសមាជិក សមាជិកា ដើម្បីបង្កើតភាពទាក់ទាញ ដល់ពាណិជ្ជករមកពីវិស័យនានា និង បណ្តាប្រទេសក្នុងតំបន់ ដើម្បីផ្តល់ឱកាសក្នុងការផ្លាស់ប្តូរគំនិត ស្វែងរកឱកាសធ្វើអាជីវកម្មថ្មីៗ និងបង្កើនទំនាក់ទំនងក្នុងភាពជាដៃគូរយូរអង្វែង។ លោកបានសង្កត់ធ្ងន់ថា គោលដៅរបស់អ្នកចូលរួមគឺដើម្បីចែករំលែកចំណេះដឹង ស្វែងរកការណែនាំ ឬពង្រីកបណ្តាញវិជ្ជាជីវៈនានា។

លើសពីនោះទៅទៀត ឧកញ៉ា ងួន ម៉េងតិច បានលើកទឹកចិត្តដល់អ្នកចូលរួមឱ្យទាញយកអត្ថប្រយោជន៍ឱ្យបានច្រើនបំផុតពីកម្មវិធីនេះ ដើម្បីឱ្យអ្នកចូលរូមទាំងអស់អាចពង្រីកបណ្តាញអាជីវកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព និងមានប្រសិទ្ធផល ខណៈពេលដែលការស្វែងរកភាពជាដៃគូប្រកបដោយសក្តានុពល គឺនឹងផ្តល់ប្រយោជន៏មិនត្រឹមតែជាការគាំទ្រ និងលើកស្ទួយអាជីវកម្មក្នុងស្រុកប៉ុណ្ណោះទេប៉ុន្តែថែមទាំងរួមចំណែកឱ្យកាន់តែរឹងមាំលើវិស័យសេដ្ឋកិច្ចកម្ពុជាផងដែរ។

សភាពាណិជ្ជកម្មកម្ពុជា បានដើរតួនាទីយ៉ាងខ្ជាប់ខ្ជួនក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជម្រុញគោលនយោបាយលើកស្ទួយវិស័យឯកជនបង្កើនចំណងមិត្តភាពពាណិជ្ជកម្មនានា ក៏ដូចជាការសម្របសម្រួលសកម្មភាពពាណិជ្ជកម្ម និងវិនិយោគបរទេសផងដែរ៕