(ពោធិ៍សាត់)៖ លោក អ៉ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងបញ្ជាក់ថា ក្រោមម្លប់នៃសន្តិភាព រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ រហូតដល់ពេលនេះបានស្ថាបនាកសាងផ្លូវជនបទ ទាំងផ្លូវក្រួសក្រហម ផ្លូវបេតុង និងផ្លូវកៅស៊ូ សរុបប្រមាណ៥ម៉ឺនគីឡូម៉ែត្រ នៅគ្រប់មូលដ្ឋានភូមិ-ឃុំសង្កាត់ នៅទូទាំងប្រទេស ហើយកំពុងធ្វើការស្ថាបនាកសាងផ្លូវជាច្រើនខ្សែជាបន្តបន្ទាប់ទៀត ជាមួយគ្នានោះក្រសួងភិវឌ្ឍន៍ជនបទបានយកចិត្តទុកដាក់ខ្ពស់ផងដែរ លើការងារថែទាំជួសជុលជាប្រចាំផ្លូវដែលបានកសាងកន្លងមក ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង ។
លោក អ៉ិន ចន្ថា មានប្រសាសន៍លើកឡើងដូចនេះ ក្នុងឱកាសតំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើររដោយលោក ជី ស៊ីថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្ទីរជំនាញ ធ្វើការចុះត្រួតពិនិត្យ វាយតម្លៃលើការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ភ្ជាប់ពីភូមិថ្មី ទៅភូមិដំបូក១០០ ក្នុងឃុំត្នោតជុំ ស្រុក្រគរ ដែលមានប្រវែង ៥៥០០ម៉ែត្រ ទទឹង៦ម៉ែត្រ រួមជាមួយលូប្រអប់មុខពីរចំនួន១កន្លែង លូប្រអប់មុខមួយចំនួន១កន្លែង និងលូមូលមុខមួយចំនួន៣កន្លែង ដោយប្រើប្រាស់ថវិកាជំពូក២១ ដែលជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ហើយអនុវត្តគម្រោងដោយ នាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ ។
បន្ទាប់ពីធ្វើការចុះពិនិត្យដោយផ្ទាល់ គណៈកម្មការអន្តរក្រសួង បានវាយតម្លៃបញ្ចប់ការងារស្ថាបនា ១០០ភាគរយ លើការស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសក្រហមចំនួន១ខ្សែនេះ ។
ជាមួយគ្នានោះលោក អ៉ិន ចន្ថា និងគណកម្មាធិការអន្តរក្រសួង បានជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជាអ្នកអាស្រ័យផលផ្លូវទាំងនេះ ដោយលោកបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទជូនដល់បងប្អូនប្រជាពលរដ្ឋ និងបានជម្រាបជូនថា គណៈកម្មាធិការអន្តរក្រសួងចុះមកក្នុងពេលនេះគឺដើម្បីធ្វើការត្រួតពិនិត្យគុណភាព និងវាយតម្លៃ លើការអនុវត្តន៍ការលើការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសក្រហមចំនួន១ខ្សែនេះ ព្រោះក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការ យកចិត្តទុកដាក់យ៉ាងខ្លាំង លើការងារស្ថាបនា ដោយបានគិតគូរពីភាពធន់ នឹងការប្រែប្រួលអាកាសធាតុ ទាំងផ្លូវក្រាលដីស ផ្លូវក្រាល ល្បាយក្រួស ផ្លូវកៅស៊ូពីរជាន់ និងផ្លូវក្រាលបេតុង, ព្រោះផ្លូវពិតជាមានសារៈសំខាន់បំផុត ក្នុងការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅតំបន់ជនបទ និងកាត់បន្ថយគម្លាតរវាងតំបន់ជនបទ និងទីប្រជុំជន និងដើម្បផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរទៅមក ការដឹកជញ្ជូនកសិផល និងដំណាំបន្ទាប់បន្សំរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោក អ៉ិន ចន្ថា ក៏បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានត្រូវរួមចំណែកក្នុងការថែរក្សាផ្លូវទាំងនេះ ក៏ដូចផ្លូវជនបទផ្សេងទៀតក្នុងមូលដ្ឋាន ដើម្បីការប្រើប្រាស់បានយូរអង្វែងបន្ថែមទៀត ដោយកុំចាក់ដីលុបប្រឡាយរំដោះទឹកនៅសងខាងផ្លូវដែលមានស្រាប់ ហើយពេលចាក់ដីខ្ពស់ជាងផ្លូវសុំដាក់លូរំដោះទឹក និងកុំទុកដាក់សម្ភារៈផ្សេងៗឬ ហាលស្រូវដំឡូងនៅលើផ្លូវ ជាពិសេសត្រូវចូលរួមទបស្កាត់រថយន្តធំៗដឹកលើសទំងន់ ៕