(ម៉ុងត្រេអាល់, កាណាដា)៖ បេសកកម្មគោះទ្វារវិនិយោគនៅឯនាយសមុទ្រ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូ បានធ្វើដំណើរទៅដល់ប្រទេសកាណាដាហើយ។ រសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជួបពិសារអាហារថ្ងៃត្រង់ និងពិភាក្សាការងារជាមួយលោក Laurent Ferreira ប្រធាន និងជានាយកប្រតិបត្តិនៃធនាគារជាតិកាណាដា ដែលមានធនាគារ ABA ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន កំពុងវិនិយោគនៅក្នុងប្រទេសកម្ពុជា។
ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្ដូរយោបល់ទៅវិញទៅមកលើបរិយាកាសវិនិយោគនៅកម្ពុជា រួមមានការលើកទឹកចិត្តវិនិយោគ ស្របតាមច្បាប់និងគតិយុត្តិពាក់ព័ន្ធរបស់កម្ពុជា ពិសេសក្នុងវិស័យធនាគារ-ហិរញ្ញវត្ថុ។ ជាក់ស្ដែងធនាគារជាតិកាណាដាផ្ទាល់កំពុងទទួលបានលទ្ធផលជាវិជ្ជមានក្នុងប្រតិបត្តិការវិនិយោគរបស់ខ្លួននៅកម្ពុជា តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធគឺធនាគារ ABA។ ការវិនិយោគដោយផ្ទាល់របស់ធនាគារជាតិកាណាដាមកកម្ពុជា មិនត្រឹមតែបានចូលរួមបង្កើនរំហូរទុនវិនិយោគឯកជនដោយផ្ទាល់ ជំរុញកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កើតការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋកម្ពុជាផងដែរ។
លោកបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនលោក Laurent Ferreira អំពីបច្ចុប្បន្នភាពនៃការវិនិយោគឯកជនក្នុងរយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានទទួលគម្រោងវិនិយោគសរុបចំនួន ៣៨១គម្រោង មានការកើនឡើងចំនួន ១៦៨គម្រោង ធៀបនឹងនីតិកាលទី៦ ដែលនេះបង្ហាញអំពីទំនុកចិត្តរបស់វិនិយោគិនមកកាន់រាជរដ្ឋាភិបាលកម្ពុជា។
ដើម្បីបង្កើនជំនឿទុកចិត្តបន្ថែមមួយកម្រិតទៀតជូនដល់វិនិយោគិន ក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងបន្តកិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ពាសពេញផ្ទៃប្រទេសទាំងផ្លូវគោក ផ្លូវអាកាស ផ្លូវទឹក ប្រព័ន្ធភស្ដុភារកម្ម ក៏ដូចជាវិស័យពាក់ព័ន្ធនានារួមទាំងការគិតគូរលើតម្លៃថាមពលអគ្គិសនី ដើម្បីគាំទ្រដល់ការវិនិយោគឯកជន បង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋខ្មែរ៕