(ក្រចេះ)៖ លោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំលោកប្រធានមន្ទីរកសិកម្មខេត្តក្រចេះ ស្រង់ទិន្នន័យផ្ទៃដីប៉ះពាល់ និងខូចខាតដោយសារទឹកជំនន់ ដើម្បីស្នើសុំពូជស្រូវនៅពេលទឹកស្រក។
ការណែនាំធ្វើឡើង ក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់ ក្នុងភូមិសាស្ត្រខេត្តក្រចេះ ដោយមានការចូលរួមរបស់ ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក សុទ្ធ គឹមកុលមុន្នី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, លោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ, លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ, លោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ព្រមជាមួយថ្នាក់ដឹកនាំរដ្ឋបាលក្រុងក្រចេះ ក្រុមប្រឹក្សាសង្កាត់រកាកណ្តាល និងសហការី ព្រមទាំងអាជ្ញាធរមូលដ្ឋានជាច្រើនរូបផ្សេងទៀត។
ក្នុងដំណើរចុះពិនិត្យជាក់ស្តែងនេះ ថ្នាក់ដឹកនាំនិងប្រតិភូក្រុមការងារ បានធ្វើដំណើរទៅកាន់ទីតាំងភូមិសាស្ត្រចំនួន៣ ដែលរងគ្រោះដោយសារទឹកជំនន់ រួមមាន ភូមិរកាកណ្តាលទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ, ភូមិព្រះគន្លង ឃុំបុសលាវ ស្រុកចិត្របុរី និងឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
រដ្ឋលេខាធិការក្រសួងកសិកម្ម លោក តូច ប៊ុនហួរ បានណែនាំទៅកាន់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ឱ្យធ្វើការជិតស្និតនិងជាប់ជាប្រចាំ ជាមួយអាជ្ញាធរមូលដ្ឋានភូមិឃុំ ធ្វើយ៉ាងណាស្រង់ទិន្នន័យផ្ទៃដីប៉ះពាល់ និងខូចខាតដោយសារទឹកជំនន់ឱ្យបានច្បាស់លាស់ ដើម្បីបញ្ជូនទៅក្រសួងកសិកម្ម និងស្នើសុំពូជស្រូវទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ផ្តល់ជូនប្រជាកសិករ ស្តារស្រូវរបស់ពួកគាត់ឡើងវិញនៅពេលទឹកស្រក។
ជាការកត់សម្គាល់ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ផ្ទៃដីលិចទឹកនៅក្នុងខេត្តក្រចេះទាំងមូលមានចំនួន ៨,២៥៨ហិកតា ក្នុងចំណោមនោះមានផ្ទៃដីខូចខាតទាំងស្រុងចំនួន ៥,៧៨៥ហិកតា។ យ៉ាងណាក៏ដោយ បើតាមការវាយតម្លៃរបស់មន្ត្រីជំនាញ ដែលផ្ទៃដីយ៉ាងហោចណាស់ ៥,៤៦០ហិកតា មានលទ្ធភាពនិងប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្តារឡើងវិញ៕