(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនកិច្ចការពារនូវសុវត្ថិភាព និងសម្រួលចរាចរណ៍ ជូនដល់ប្រជាពលរដ្ឋ និងទេសចរណ៍ ក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌ។
ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានរៀបចំរថយន្តក្រុង ចំនួន៤៩៧គ្រឿង ពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តនានា និងរថយន្តក្រុង ចំនួន៥៦គ្រឿងផ្សេងទៀត ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តទាំង៤ នៃតំបន់ភូមិភាគឦសាន ដោយឥតគិតថ្លៃ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យមានការផ្តល់ជូន ការរថយន្តក្រុងទៅស្រុកកំណើតនេះ គឺគិតចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។
សូមជម្រាបថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ដល់ថ្ងៃព្រហស្បតិ៍ ១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤៕