(ពោធិ៍សាត់)៖ លោក ឡាយ វុត្ថា អនុប្រធានសាខាពន្ធដារខេត្ត ត្រូវបានតែងតាំង ជាប្រធានសាខាពន្ធដារ ខេត្តពោធិ៍សាត់ ជំនួសលោក ឯក ច័ន្ទសេរី ដែលត្រូវដាក់ឲ្យចូលនិវត្តន៍ និងលោកស្រី អ៊ុយ សាវី ប្រធានការិយាល័យចាត់ចែងលិខិតប្រកាស នៃសាខាពន្ធដារខេត្ត ត្រូវបានតែងតាំង ជាអនុប្រធានសាខាពន្ធដារខេត្តពោធិ៍សាត់ ជំនួសលោក ឡាយ វុត្ថា ដែលត្រូវទទួលភារកិច្ចថ្មី តាមប្រកាសលេខ ១០២៥ សហវ.ប្រក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ពិធីប្រកាសចូលកាន់មុខតំណែងថ្មី ប្រធាន និងអនុប្រធាន សាខាពន្ធដារខេត្តពោធិ៍សាត់ ធ្វើឡើងនាព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព លោក ម៉ៅ ធនិន អភិបាលខេត្ត លោក កែន សម្បត្តិ អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ តំណាងលោកបណ្ឌិត គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំ បណ្តាមន្ទីរអង្គភាព ពាក់ព័ន្ធនានា ជុំវិញខេត្ត និងមន្ត្រីសាខាពន្ធដារ ជាច្រើនរូបផ្សេងទៀត៕