(មណ្ឌលគិរី)៖ ជនសង្ស័យជាឃាតកសម្លាប់ស្រ្តីវ័យ៣០ឆ្នាំ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលសមត្ថកិច្ចសង្ស័យជាករណីរំលោភសម្លាប់ ហើយបានកើតឡើងកាលពីពេលថ្មីៗកន្លងទៅនេះ ឥឡូវកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានប្រើប្រាស់រយៈពេល២៤ម៉ោងប៉ុណ្ណោះ ដើម្បីឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់។
លោក សូ សុវណ្ណ ស្នងការរង និងជាប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ នៅទីតាំងកើតហេតុ ហើយឈានទៅធ្វើការឃាត់ខ្លួនបាន ជនសង្ស័យជាឃាតកបានម្នាក់ឈ្មោះ ទី តី អាយុ១៩ឆ្នាំ គឺត្រូវជាប្អូនថ្លៃរបស់ស្រ្តីរងគ្រោះ នៅល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ម្សិលមិញនេះ នៅចំណុចអូរជុំ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។
លោកស្នងការរង បានឲ្យដឹងថា យោងតាមចម្លើយសារភាព របស់ជនសង្ស័យ បញ្ជាក់ថា គេមិនបានរំលោភ សម្លាប់ ស្រ្តីរងគ្រោះឈ្មោះ ក្រែត ស្រីមុំ អាយុ៣០ឆ្នាំ នោះទេ គឺរូបគេ(ឃាតក) ខឹងនឹងបងថ្លៃស្រវឹងស្រា ហើយជេម្រាយខ្លួន ធ្វើឲ្យរូបគេខឹងហើយក៏វាយចំគល់ក ៣ដៃសន្លប់ ថែម៣ឈើជ្រុងទៀត បណ្តាលឲ្យបាក់ កស្លាប់ រូបគេអូសទៅចោលកណ្តាលព្រៃតែម្តង រួចខ្លួនគេជិះម៉ូតូមកផ្ទះជាធម្មតា។
ក្រោយមកប្រជាពលរដ្ឋ បានប្រទះឃើញសាកសព របស់ជនរងគ្រោះ ហើយរាយការណ៍ទៅសមត្ថកិច្ច ទើបសមត្ថកិច្ចបើកការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន ហើយឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្ដង។
សូមជម្រាបថា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ អ្នកស្រុកបានឃើញសពស្រ្តីម្នាក់ ដេកស្លាប់ក្នុងព្រៃទាំងអាក្រាតកាយ នៅក្នុងព្រៃមួយកន្លែងស្ថិតនៅចំណុចអូរជុំ ក្រោយភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី៕