(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់អំពីកំហុសដែលតម្រូវឱ្យសិស្សធ្លាក់ដោយស្វ័យប្រវត្តិ ខណៈដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ប្រឡងបាក់ឌុប) នៅក្នុងរយៈពេល១០ឆ្នាំនេះ គឺបានដំណើរការល្អលើសពីអ្វីដែលក្រសួងបានប៉ាន់ស្មាន។
ការបញ្ជាក់របស់ ឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញធ្វើសន្និសីទសារព័ត៌មានស្តីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង០៨ តុលា ២០២៤» នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បានឱ្យដឹងថា សម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បេក្ខជនដែលប្រឡងជំនួសនោះនឹងត្រូវធ្លាក់ដោយស្វ័យប្រវត្តិ ហើយបេក្ខជននេះនឹងត្រូវរងពិន័យមិនឱ្យចូលប្រឡងរយៈពេល២ឆ្នាំបន្ថែមទៀត។ ចំណុចនេះនៅមិនទាន់គិតអំពីទោសទណ្ឌផ្នែកព្រហ្មទណ្ឌនោះឡើយ។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា សម្រាប់យុវជន គឺមានកម្រិតវិន័យថ្នាក់ទី១ ឧទាហរណ៍បេក្ខជនមកដល់មណ្ឌលប្រឡងក្រោយជួងទី២ ឬសរសេរសញ្ញាសម្គាល់លើសន្លឹកកិច្ចការប្រឡង ដើម្បីបញ្ជូនសញ្ញាដល់អ្នកកែវិញ្ញាសារ ឬមួយអនុរក្សឃើញបេក្ខជនប្រឡងលួចចម្លងគ្នានឹងធ្លាក់ដោយស្វ័យប្រវត្តិ។
«អីចឹងប្រសិនបើរកឃើញមានការផ្តល់ជាសញ្ញា ការលួចចម្លងគ្នានឹងឱ្យធ្លាក់ជាស្វ័យប្រវត្តិតែម្តង ក៏ប៉ុន្តែ យើងមានកម្រិតវិន័យថ្នាក់ទី២ គឺគាត់ដើរចុះឡើងពីកន្លែងអង្គុយ ដែលគ្មានការអនុញ្ញាត ហែកសន្លឹកកិច្ចការ ដោយសារធ្វើខុស នេះហាក់ដូចជាការមើលងាយ មើលស្រាល ដល់អនុរក្ស ឬការប្រឡង ឬមួយក៏គាត់អង្គុយដូរលេខតុ ដោយគ្មានការអនុញ្ញាត ឬមួយឱ្យសន្លឹកកិច្ចការឱ្យផ្សេងចម្លងក៏ខុសដែរ...!»។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បានសង្កត់ធ្ងន់ថា សម្រាប់បេក្ខជន បេក្ខនារី ដែលចម្លងចម្លើយដល់បេក្ខជនផ្សេងទៀត នោះបេក្ខជន និងបេក្ខនារីល្មើសនឹងបទបញ្ជារបស់ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្លាក់ចូលទៅដល់កម្រិតវិន័យថ្នាក់ទី២ ក្រសួងនឹងឱ្យធ្លាក់ដោយស្វ័យប្រវត្តិ និងមិនអនុញ្ញាតឱ្យចូលប្រឡងរយៈពេល១ឆ្នាំបន្ទាប់ទៀតផងដែរ។
ឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បានលើកឡើងថា ប្រសិនបើបេក្ខជន បេក្ខនារីយកអាវុធជាតិផ្ទុះ ចូលក្នុងមណ្ឌលប្រឡង ឱ្យអ្នកដទៃប្រឡងជំនួស មិនអនុវត្តតាមការណែនាំរបស់មេប្រយោគ បេក្ខជន បេក្ខនារី នឹងធ្លាក់ក្នុងកម្រិតវិន័យថ្នាក់ទី៣ គឺធ្លាក់ដោយស្វ័យប្រវត្តិ និងមិនអនុញ្ញាឱ្យចូលប្រឡងរយៈពេល២ឆ្នាំ។
ឧបនាយករដ្ឋមន្រ្តី ហង់ ជួនណារ៉ុន បានអះអាងថា រយៈពេលជាង១០ឆ្នាំមកនេះ បេក្ខជន បេក្ខនារី បានគោរពយ៉ាងខ្ជាប់ខ្ជួនតាមបញ្ជា និងវិន័យសម្រាប់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានធ្វើដំណើរការប្រឡងកាន់តែល្អជាលំដាប់ និងលើសពីអ្វីដែលក្រសួងអប់រំបានប៉ាន់ស្មានទៅទៀត៕