(ក្រចេះ)៖ ដោយបានការអនុញ្ញាតិពីថ្នាក់ដឹកនាំ គ.ជ.គ.ម. នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ច័ន្ទ លំផាត់ អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយមានការអញ្ជើញចូលរួមពីលោក តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់ និងវាយតម្លៃពីផលប៉ះពាល់ដំណាំស្រូវដោយសារទឹកជំនន់នៅក្នុងខេត្តក្រចេះ។
ដំណើរចុះពិនិត្យ ស្ថានភាព និងវាយតម្លៃនោះក៏មានការចូលរួមពីលោកស្រី អ៉ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សុទ្ធ គឹម កុលមុនី អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកបណ្ឌិត គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ លោក កែវ សុវណ្ណារី អនុប្រធាននាយកដ្ឋានប្រតិបត្តិការ ឆ្លើយតប សង្រ្គោះបន្ទាន់ និងស្តារឡើងវិញលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ថ្នាក់ដឹកនាំរដ្ឋបាលក្រុងក្រចេះ ក្រុមប្រឹក្សាសង្កាត់រកាកណ្តាល និងសហការី ព្រមទាំងអាជ្ញាធរមូលដ្ឋាន។
ក្នុងដំណើរចុះពិនិត្យជាក់ស្តែងនេះ ថ្នាក់ដឹកនាំនិងប្រតិភូក្រុមការងារ បានធ្វើដំណើរទៅកាន់ទីតាំងភូមិសាស្ត្រចំនួន៣ ដែលរងគ្រោះដោយសារទឹកជំនន់ រួមមាន ភូមិរកាកណ្តាលទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ ភូមិព្រះគន្លង ឃុំបុសលាវ ស្រុកចិត្របុរី និងឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។
ក្រុមការងារបានណែនាំទៅកាន់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ ឱ្យធ្វើការជិតស្និត និងជាប់ជាប្រចាំ ជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ធ្វើយ៉ាងណាស្រង់ទិន្នន័យផ្ទៃដីប៉ះពាល់ និងខូចខាតដោយសារទឹកជំនន់ឱ្យបានច្បាស់លាស់ ដើម្បីបញ្ជូនទៅក្រសួងសេដ្ឋកិច្ច ស្នើសុំពូជស្រូវសម្រាប់ផ្តល់ជូនប្រជាកសិករស្តារស្រូវរបស់ពួកគាត់ឡើងវិញនៅពេលទឹកស្រក។
ជាការកត់សម្គាល់ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ផ្ទៃដីលិចទឹកនៅក្នុងខេត្តក្រចេះទាំងមូលមានចំនួន៨២៥៨ ហិកតា ក្នុងចំណោមនោះមានផ្ទៃដីខូចខាតទាំងស្រុងចំនួន៥៧៨៥ហិកតា។ យ៉ាងណាក៏ដោយ បើតាមការវាយតម្លៃរបស់មន្ត្រីជំនាញ ដែលផ្ទៃដីយ៉ាងហោចណាស់ ៥ ៤៦០ហិកតា មានលទ្ធភាពនិងប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្តារឡើងវិញ៕