(តូក្យូ)៖ ការធ្វើតេស្តមីស៊ីលដោយជោគជ័យជាច្រើនដង របស់កូរ៉េខាងជើងកន្លងមកនេះ បានធ្វើឲ្យប្រទេសកុម្មុយនិស្តមួយនេះ បោះជំហានទៅមុខយ៉ាងឆ្ងាយមុនប្រទេសជប៉ុន នៅក្នុងការប្រកួតប្រជែងសព្វាវុធដែលមានរយៈពេលពីរទសវត្សរ៍មកហើយនោះ ហើយការវិវត្តន៍យ៉ាងឆាប់រហ័សបែបនេះ បានបណ្តាលឲ្យជប៉ុនមិនប្រាកដថាខ្លួនតែម្នាក់ឯងអាចទប់ទល់ជាមួយ នឹងការវាយប្រហារដោយមីស៊ីល ពីរបបដឹកនាំទីក្រុង ព្យុងយ៉ាង បានដែរឬយ៉ាងណា បើគ្មានការជួយពីសហរដ្ឋអាមេរិកនោះ។ នេះបើតាមការផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នាព្រឹកថ្ងៃអង្គារ ទី០៤ ខែកញ្ញា ឆ្នាំ២០១៦។
មេបញ្ជាការយោធាជាន់ខ្ពស់ជប៉ុនមួយរូប ដែលសុំមិនបញ្ចេញអត្តសញ្ញាណបានឲ្យដឹងថា នៅក្រោមការដឹកនាំរបស់មេដឹកនាំវ័យក្មេងលោក គីម ជុងអុន ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលផ្លោងចំនួន២១លើកមកហើយ គិតចាប់តាំងពីដើមឆ្នាំ២០១៦នេះ ដែលប្រការនេះស្តែងឲ្យឃើញថាការវិវត្តន៍ទៅមុខនៃសព្វាវុធរបស់កូរ៉េខាងជើង គឺវាឆាប់រហ័សជាងអ្វីដែលបានរំពឹងទុក ហើយប្រសិទ្ធភាពនៃប្រព័ន្ធការពារមីស៊ីលរបស់ជប៉ុនទៀតសោត នៅមានកំណត់នៅឡើយ។
ម៉្យាងវិញទៀត គំរោងសម្រាប់បង្កើនសមត្ថភាពបន្ថែមទៅលើប្រព័ន្ធការពារមីស៊ីល ដែលមានស្រាប់របស់ប្រទេសជប៉ុន (BDM) នឹងមិនត្រូវបានចាប់ផ្តើមរហូតទាល់តែដល់ខែមេសាឆ្នាំក្រោយឯណោះ ខណៈការដាក់ពង្រាយប្រព័ន្ធការពារថ្មី ដែលត្រូវបានបង្កើតឡើងដើម្បីបំផ្លាញគ្រាប់មីស៊ីលនានា ដែលបាញ់សំដៅមកប្រទេសជប៉ុន អាចនឹងចំណាយពេលជាច្រើនឆ្នាំដើម្បីសម្រេចបាន។
ប្រភពពីមន្ត្រីជប៉ុនដដែលបានបញ្ជាក់ថែមទៀតថា បញ្ហាកាលវិភាគនៃការផលិតនិងកញ្ចប់ថវិកាដែលមានភាពតឹងរ៉ឹង បានដាក់កំណត់លើសមត្ថភាពរបស់ប្រទេសជប៉ុនក្នុងការពន្លឿនគំរោងទាំងអស់នេះ ហេតុដូច្នេះហើយ ជប៉ុនប្រហែលជាត្រូវពឹងផ្អែកកាន់តែខ្លាំងឡើងលើសម្ព័ន្ធមិត្តអាមេរិករបស់ខ្លួន ដើម្បីការពារការវាយប្រហារពីសំណាក់កូរ៉េខាងជើង៕