(កណ្តាល)៖ កម្លាំងនគរបាលស្រុកកោះធំ បានធ្វើការឃាត់ខ្លួន​ មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ និងដកហូតថ្នាំញៀន​៨កញ្ចប់​ នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល​។

មន្ដ្រីនគរបាល បានឲ្យដឹងថា មុនពេលឈានដល់ឃាត់ខ្លួន កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានដើរល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ដើម្បីរក្សាសន្តិសុខ ហើយបានទទួលព័ត៌មានថា មានករណីចែកចាយគ្រឿងញៀន ភ្លាមនោះកម្លាំងជំនាញបានស្រាវជ្រាវរហូត ដល់ចំណុចកើតហេតុខាងលើ ហើយបានជួបមុខសញ្ញាសង្ស័យម្នាក់ ឈ្មោះ នៅ ភារ៉ា អាយុ២៣ឆ្នាំ មុខរបរ បើកឡានដឹកដី ហៅសាកសួរត្រួតពិនិត្យមើល រកឃើញថ្នាំញៀនម៉ាទឹកកក​២​កញ្ចប់ នៅជាប់​ខ្លួន។ មន្ដ្រីដដែល បន្ថែមថា នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួននៅសល់ថ្នាំញៀន​៦​កញ្ចប់ លាក់ទុកក្នុងបន្ទប់ទឹកផ្ទះ​​ រួចបាននាំជនសង្ស័យទៅចង្អុល បង្ហាញទីតាំងលាក់គ្រឿងញៀន ​និងបានដកហូតយកថ្នាំញៀន​៦​កញ្ចប់ បន្ថែមទៀតផងដែរ។

​ក្រោយពេលឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕