(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក)ថា ទីក្រុងវ៉ាស៊ីនតោន បានសម្រេចចិត្តផ្អាកកិច្ចចរចារជាមួយនឹងរុស្ស៊ី ស្ដីពីបទឈប់បាញ់នៅស៊ីរី ដោយអះអាងថា ទីក្រុងមូស្គូ បានបរាជ័យក្នុងការគោរពតាមពាក្យសន្យារបស់ខ្លួន ដែលបានព្រមព្រៀងគ្នា។ នេះបើតាមការចុះ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅថ្ងៃអង្គារ៍ ទី៤ ខែតុលា ឆ្នាំ២០១៦។
ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន អ្នកនំាពាក្យក្រសួងការបរទេសអាមេរិក លោក John Kirby បាននិយាយថា «នេះគឺជាការសម្រេចចិត្តដ៏លំបាក ខណៈរុស្ស៊ីបានបរាជ័យក្នុងការធានា ឬជម្រុញឱ្យរបបដឹកនំាទីក្រុងដាម៉ាស់ គោរព និង អនុវត្តតាម បទឈប់បាញ់ដែលទីក្រុង មូស្គូ បានឯកភាពគ្នាជាមួយនឹងសហរដ្ឋអាមេរិក»។ លើស ពីនេះទៀត លោក John Kirby បានចោទប្រកាន់រុស្ស៊ី និងរដ្ឋាភិបាលស៊ីរី ថាបានបង្កើនការវាយប្រហារប្រឆំាង នឹងជនស៊ីវិល ដូច្នេះនៅកាលៈទេសៈបែបនេះ រុស្ស៊ី និងសហរដ្ឋអាមេរិក មិនអាចពិភាក្សាគ្នាបានឡើយទាក់ ទិននឹងការប៉ុនប៉ងស្វែងរកកិច្ចព្រមព្រៀងសំដៅកាត់បន្ថយអំពើហឹង្សានៅស៊ីរី ដែលនេះគឺជាសោកនាដកម្មមួយ។ ដោយឡែកជុំវិញការផ្អាកកិច្ចចរចារនេះដែរ ខាងរដ្ឋាភិបាលរុស្ស៊ីបានសម្ដែងការសោកស្ដាយ ដោយលើកឡើងថា ការសម្រេចិត្តរបស់ទីក្រុងវ៉ាស៊ីតោន គ្រាន់តែជាការទម្លាក់ការទទួលខុសត្រូវនៃបរាជ័យកិច្ចចរចារ មករុស្ស៊ីតែប៉ុណ្ណោះ។
គួររំលឹកថា កាលពីថ្ងៃទី១០ ខែកញ្ញា សហរដ្ឋអាមេរិក និងរុស្ស៊ី បានព្រមព្រៀងគ្នាលើបទឈប់បាញ់មួយ សម្រាប់ប្រទេសស៊ីរី ក៏ប៉ុន្តែអំពើហឹង្សានៅតែកើតឡើងមាន ជាពិសេសនៅក្រោយពេលសហរដ្ឋអាមេរិក វាយប្រហារដោយច្រឡំលើកងទ័ពរដ្ឋាភិបាលស៊ីរី និងការវាយប្រហារទៅលើក្បួនរថយន្ដដឹកជំនួយមនុស្សធម៌ របស់អង្គការសហប្រជាជាតិនៅក្នុងទីក្រុងអាឡេប៉ូ៕