Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងលោកស្រី ឡុង ភិរម្យ អញ្ជើញចូលរួមពិធីសម្ពោធពិព័រណ៍ទេសចរណ៍អន្តរជាតិ Tourism Expo Japan 2024 នៅទីក្រុងតូក្យូ

27-09-2024 12:33

(ជប៉ុន)៖ នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងលោកស្រី ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រធានគណៈប្រតិភូក្រសួងទេសចរណ៍ អមដោយតំណាងវិស័យឯកជន ចំនួន ៧ក្រុមហ៊ុន បានចូលរួមពិធីសម្ពោធពិព័រណ៍ទេសចរណ៍អន្តរជាតិ Tourism Expo Japan 2024 (TEJ 2024) ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព លោក MASANOBU Komoda ប្រធានសមាគម Japan Travel and Tourism Association និងជាប្រធានក្រុមហ៊ុន Mitsui Fudosan នៅសាលពិព័រណ៍ Tokyo Big Sight ទីក្រុងតូក្យូ។

ពិព័រណ៍ទេសចរណ៍អន្តរជាតិ TEJ 2024 ដែលប្រព្រឹត្តទៅក្រោមប្រធានបទ “Travel, an Encounter with New Value Awaits” មានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៦-២៩ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីភ្នាក់ងារទេសចរណ៍ជប៉ុន ភ្នាក់ងារទេសចរណ៍អន្តរជាតិ សារព័ត៌មានអន្តរជាតិ ក្រុមហ៊ុនអន្តរជាតិ ក្រសួងស្ថាប័នជប៉ុន និងស្ថាប័នអន្តរជាតិពាក់ព័ន្ធនឹងវិស័យទេសចរណ៍ មកពីជាង ៨០ប្រទេសនៅក្នុងតំបន់ និងពិភពលោក ជាមួយនឹងការចូលរួមពីអ្នកទិញអន្តរជាតិ ប្រមាណ ២៨០នាក់ ដែលត្រូវបានរពឹងទុកថានឹងទាក់ទាញភ្ញៀវចូលរួមទស្សនាពិព័រណ៍នេះ ចំនួនប្រមាណ ១៨០,០០០នាក់។

ក្នុងនោះដែរ ស្តង់កម្ពុជាយើង ដែលដឹកនាំរៀបចំដោយ លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ ដើម្បីផ្សព្វផ្សាយទិសដៅទេសចរណ៍របស់កម្ពុជាទៅកាន់ទីផ្សារជប៉ុន និងអន្តរជាតិ ក៏ដូចជាផ្សព្វផ្សាយនូវយុទ្ធនាការ ឆ្នាំទស្សនាសៀមរាប ២០២៤ ស្របតាមកម្មវិធីនយោបាយទេសចរណ៍ នៅក្នុងដំណាក់កាលទី១ នៃយុទ្ធសាស្ត្របញ្ចុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅទាក់ទាញទេសចរ និងវិនិយោគិនជប៉ុនមកទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនឡើងថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ លោកឯកអគ្គរាជទូត ក៏បានអញ្ជើញទៅទស្សនាស្តង់របស់ក្រសួងទេសចរណ៍ និងជួបសំណេះសំណាលជាមួយគណៈប្រតិភូក្រសួងទេសចរណ៍ ព្រមទាំងតំណាងវិស័យឯកជនទាំង ៧ក្រុមហ៊ុន ដែលបានមកចូលរួមតាំងបង្ហាញ និងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍កម្ពុជា ជាមួយនឹងការជូនពរឱ្យ គណៈប្រតិភូ និងក្រុមហ៊ុនឯកជនទាំងអស់ ទទួលជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិដ៏សំខាន់នេះ៕