(ភ្នំពេញ)៖ នៅព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦នេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំមួយទៀត ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន សម្រាប់ដាក់ទៅក្នុងកិច្ចប្រជុំពេញអង្គ នាពេលខាងមុខ។ ក្រុមតំណាងរាស្រ្តគណបក្សប្រឆាំងក៏មានវត្តមាននៅក្នុងកិច្ចប្រជុំនេះដែរ។
កិច្ចប្រជុំនៅព្រឹកនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកញ្ញា គណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា បានបើកកិច្ចប្រជុំម្តងរួចទៅហើយ ដោយពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៩ ជាពិសេស គឺសំណើរសុំធ្វ្វើវិសោធនកម្មច្បាប់ ចំនួន៣ស្តីពីតុលាការ និង សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈ វិស័យ សុខាភិបាល ជាដើម។
ក្នុងកិច្ចប្រជុំនោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចច្រានចោលសំណើរបស់ក្រសួងយុត្តិធម៌ ដែលស្នើសុំដកអភ័យឯកសិទ្ធិ សមាជិកសភាគណបក្សសង្គ្រោះជាតិ ២រូបគឺ លោក តុ វ៉ាន់ចាន់ និង លោក ពិន រតនា ដើម្បីធ្វើការស៊ើបអង្កេតលើករណីសញ្ចារកម្ម នៅក្នុងសំណុំរឿងជាមួយអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំផងដែរ៕