(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញស្តីពី «ឱកាសវិនិយោគតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជននៅកម្ពុជា» ក្រោមអធិបតីភាពលោក មាស សុខសេនសាន រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សិក្ខាសិលានេះ មានការអញ្ជើញចូលរួមពីបណ្តាក្រុមហ៊ុនអឺរ៉ុបនានា ដែលជាសមាជិករបស់ EuroCham Cambodia មានចំនួនប្រមាណ ២០០នាក់។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងចំនួនកន្លះថ្ងៃ តាមរយៈប្រព័ន្ធអនឡាញ (Zoom Conference) ដោយសម្រេចបាននូវលទ្ធផលជោគជ័យជាមោទនៈតាមការរំពឹងទុក។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន បានចូលរួមធ្វើបទបង្ហាញ និងចែករំលែកអំពីក្របខ័ណ្ឌភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP Framework) និងបញ្ជីគម្រោង PPP ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្ត និងគ្រប់គ្រងគម្រោង PPP ក្នុងគោលបំណងដើម្បីកៀរគរវិនិយោគិនបរទេសពីបណ្ដាប្រទេសអឺរ៉ុបបន្ថែមទៀតចូលមកវិនិយោគនៅកម្ពុជា។
ក្នុងឱកាសនេះ លោក មាស សុខសេនសាន បានថ្លែងថា ការរៀបចំកម្មវិធី Webinar គឺជាវេទិកា ដែលផ្ដល់ឱកាសក្នុងការកៀរគរអ្នកវិនិយោគមកពីអឺរ៉ុបទាំងអស់ ដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ លើការវិនិយោគតាមរយៈយន្តការ PPP នៅកម្ពុជា ដែលស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការពង្រឹងភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដែលជាមុំដ៏សំខាន់មួយ ក្នុងការគាំទ្រការធ្វើពិពិធកម្ម និងកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការអភិវឌ្ឍគម្រោងវិនិយោគ សាធារណៈក្រោមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) សំដៅគាំទ្រដល់កំណើនសេដ្ឋកិច្ចកម្ពុជា។
លោករដ្ឋលេខាធិការ បានថ្លែងអំណរគុណចំពោះតំណាង EuroCham Cambodia យ៉ាងជ្រាលជ្រៅចំពោះការសហការរៀបចំកម្មវិធីនេះឡើង។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអញ្ជើញវិនិយោគិនដែលមានវត្តមានក្នុងកម្មវិធី Webinar ពិចារណាលើការវិនិយោគ នៅកម្ពុជាតាមរយៈយន្តការ PPP៕