(ញូវយ៉ក)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជួបពិភាក្សាការងារជាមួយលោក Daniel Chapman ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Argentem Creek ដើម្បីជម្រាបអំពីព័ត៌មានសក្ដានុពល សម្រាប់ការវិនិយោគឯកជននៅប្រទេសកម្ពុជា។
ជំនួបនេះ បានធ្វើឡើងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីផ្តល់លទ្ធភាពជូនលោក Daniel Chapman បានពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រី អំពីបច្ចុប្បន្នភាពការវិនិយោគឯកជន ក្នុងប្រទេសកម្ពុជា ព្រមទាំងស្វែងយល់អំពីសក្ដានុពល កាលានុវត្តភាពវិនិយោគ ពិសេសផ្ដោតលើវិស័យកសិ-ឧស្សាហកម្ម ថាមពល ធនាគារ-ហិរញ្ញវត្ថុ និងវិធីសាស្ត្រជាដំណោះស្រាយរំហូរហិរញ្ញវត្ថុ ជូនដល់ក្រុមហ៊ុននានា ដែលមានតម្រូវការផងដែរ។
ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនអំពីភាពបើកចំហរនៃច្បាប់វិនិយោគនៅកម្ពុជា លើគ្រប់វិស័យ និងវិស័យជាអាទិភាព ដែលត្រូវបានលើកទឹកចិត្តពីរាជរដ្ឋាភិបាលកម្ពុជា។ លោកក៏បានបង្ហាញជូនអំពីវឌ្ឍនភាពនៃវិស័យថាមពល និងវិស័យធនាគារ-ហិរញ្ញវត្ថុរបស់កម្ពុជានាពេលបច្ចុប្បន្នផងដែរ។
នាឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអញ្ជើញលោកនាយកប្រតិបត្តិក្រុមហ៊ុន Argentem Creek ក្នុងការពិនិត្យលទ្ធភាពស្វែងរកពេលវេលាសមស្របណាមួយ ដើម្បីធ្វើទស្សនកិច្ចធុរកិច្ចទៅប្រទេសកម្ពុជាផងដែរ៕