(កណ្តាល)៖ ស្ត្រីលក់ត្រីម្នាក់ ធ្លាក់ពីលើម៉ូតូបាក់កស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈប្តីឌុបចុះកំពង់ចម្លងទាក់ដៃចង្កូត ជាមួយម៉ូតូមួយគ្រឿងទៀត។

ហេតុការណ៍នេះ កើតឡើង​នាម៉ោង៣៖៥០នាទីទៀបភ្លឺ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ១១០ ភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល​។

មន្ដ្រីនគរបាល បានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ញ៉ គឹមស៊ន អាយុ៥២ឆ្នាំ និងប្តីឈ្មោះ ញឹម ញ៉ែម អាយុ៥៤ឆ្នាំ អ្នកទាំងពីរ មានមុខរបរដឹកត្រីលក់ ហើយជិះម៉ូតូមួយគ្រឿង Honda Wave ពណ៌ក្រហម គ្មានផ្លាកលេខ មានទីលំនៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ចំណែកភាគីម្ខាងទៀត បើកម៉ូតូម៉ាកហុងដា ​គុបជ្រុង C​90 ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ផ-២៦៤៧ ភព១ បើកបរដោយឈ្មោះ គង់ ទ្រី ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរដឹកត្រី ដូចគ្នាមានទីលំនៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង​។

មន្ដ្រីដដែល ​បន្តថា មុនពេលកើតហេតុ​គេឃើញម៉ូតូដឹកត្រីទាំងពីរគ្រឿង បើកបរស្របទិសគ្នា ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ក៏បត់ចុះកំពង់ចម្លងផ្សារស្អាង ស្រាប់តែទាក់ដៃចង្កូតគ្នាបណ្តាល ឲ្យដួលធ្លាក់ស្ត្រីរងគ្រោះ ជិះលើទ្រង់ត្រីពីក្រោងបោក ទៅនឹងថ្នល់ បាក់កស្លាប់ភ្លាមៗ ពេលនោះ​អ្នកបើកម៉ូតូម្ខាងទៀត បានព្យាយាមបើករត់គេចខ្លួនបាត់។

ក្រោយកើតហេតុ នគរបាលជំនាញ បានចុះដល់រួចធ្វើកំណត់ហេតុ យកម៉ូតូទាំងពីរគ្រឿងមករក្សាទុក ដើម្បីស្រាវជ្រាវស្វែងរកម៉ូតូម្ខាងទៀត​ មកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ រីឯសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕