(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ក្រសួងស្ថាប័ន វិស័យឯកជន សហគមន៍ ប្រជាពលរដ្ឋដែលពាក់ព័ន្ធ «ចូលរួមស្ដារវិស័យទេសចរណ៍កម្ពុជា» ឱ្យបានផុសផុលបន្ថែមទៀត ទាំងទៅលើទិដ្ឋភាពគុណភាព និងបរិមាណ ប្រកបដោយនិរន្តរភាព បរិយាបន្ន ដើម្បីឱ្យការអភិវឌ្ឍបានជាផ្លែផ្កាទៅគ្រប់ភាគីពាក់ព័ន្ធ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវបែបនេះ ក្នុងសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទេសចរណ៍ និងសន្តិភាព» (Tourism and Peace) ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
សម្តេចបវរធិបតីបានឱ្យដឹងថា ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ មានគោលបំណងស្វែងយល់ពីចំណុចប្រសព្វនៃទេសចរណ៍ និងការកសាងសន្តិភាព ដោយគូសបញ្ជាក់ពីរបៀបនៃការធ្វើដំណើរ ការផ្លាស់ប្តូរគ្នានូវវប្បធម៌ដ៏សម្បូរបែប និងការអភិវឌ្ឍ ទេសចរណ៍ប្រកបដោយនិរន្តរភាព ជាឈ្នាន់រួមចំណែកដល់ការដោះស្រាយជម្លោះ ការផ្សះផ្សា និងការលើកកម្ពស់ សន្តិភាពទូទាំងពិភពលោក។
សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីបានបន្តថា ប្រធានបទឆ្នាំនេះ ពិតជាឆ្លើយតបនឹងសភាពការណ៍ទេសចរណ៍សកលលោក និងតំបន់ដែលបាននិងកំពុងប្រឈមនឹងឧបសគ្គជាច្រើនដែលស្មុគស្មាញប្រទាក់ក្រឡាគ្នា ដូចជាបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ការប្រែប្រួល អាកាសធាតុ និងបញ្ហាសេដ្ឋកិច្ចជាសកលជាដើម។
កត្តាទាំងនេះ បានធ្វើឱ្យអត្រាអតិផរណាកើនឡើងយ៉ាងគំហុក ដែលជារបាំងបន្ទច់បង្អាក់ខ្សែច្រវាក់តម្លៃ និងផលិតភាពសកល និងជាពិសេសធ្វើឱ្យសន្ទុះនៃការងើបឡើងវិញនៃសេដ្ឋកិច្ចសកលលោក និងតំបន់មានការថមថយគួរឱ្យកត់សម្គាល់ ដែលជាបច្ច័យអវិជ្ជមានដល់កំណើនទេសចរណ៍អន្តរជាតិផងដែរ។
ទន្ទឹមនេះ តាមរយៈបញ្ហាប្រឈមទាំងនេះ យើងក៏អាចដកស្រង់នូវមេរៀន និងបទពិសោធ ដើម្បីជាកាលានុវត្តភាពក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ ប្រកបដោយភាពធន់ កាន់តែប្រសើរជាងមុន និងជាធាតុចូលដ៏សំខាន់ក្នុងការគិតគូរធ្វើការអភិវឌ្ឍ និងកែទម្រង់ស៊ីជម្រៅចំពោះ អនាគតនៃវិស័យទេសចរណ៍ សម្រាប់ទាំងអស់គ្នា។
អនាគតនៃវិស័យទេសចរណ៍ ស្ថិតនៅក្នុងដៃយុវជន តាមរយៈការវិនិយោគលើយុវជន ការផ្តល់ឱកាសអប់រំ និងបណ្តុះបណ្តាល ការលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្មរបស់ពួកគេ ក្នុងវិស័យទេសចរណ៍ យើងអាចទាញយកសក្តានុពលរបស់ពួកគេ ដើម្បីជំរុញការរីកចម្រើនសង្គម និងលើកកម្ពស់សន្តិភាព។ បុគ្គលវ័យក្មេងដែលមានទេពកោសល្យ នាំមកនូវទស្សនវិស័យ ភាពច្នៃប្រឌិត និង ថាមពលដែលចាំបាច់សម្រាប់ការវិវត្តជាបន្តបន្ទាប់នៃវិស័យទេសចរណ៍។
ចំណុចសំខាន់មួយទៀត ក្នុងសារលិខិតនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចង់អំពាវនាវឱ្យមានការចូលរួមឱ្យបានផុសផុលបន្ថែមទៀត ដើម្បីស្ដារវិស័យទេសចរណ៍កម្ពុជា ទាំងទៅលើទិដ្ឋិភាពគុណភាព និងបរិមាណ ប្រកបដោយនិរន្តរភាព បរិយាបន្ន ដើម្បីឱ្យការអភិវឌ្ឍបានជាផ្លែផ្កា ទៅគ្រប់ភាគីពាក់ព័ន្ធ។
ដើម្បីជាការចូលរួមអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទេសចរណ៍ និងសន្តិភាព» សម្ដេចបវរធិបតីក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋគ្រប់រូប ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន អង្គការជាតិនិងអន្តរជាតិ សូមមេត្តាចូលរួមគាំទ្រ និងរក្សាឱ្យបានសុខសន្តិភាព វិបុលភាពទោះនៅក្នុងតម្លៃណាក៏ដោយមានសន្តិភាព ទើបមានការអភិវឌ្ឍគ្រប់វិស័យ ជាពិសេសត្រូវរួមគ្នា អភិរក្សវិស័យទេសចរណ៍វប្បធម៌ និងធម្មជាតិ សហគមន៍ទេសចរណ៍ វប្បធម៌ ប្រពៃណី ឧទ្យានជាតិ ព្រៃសហគមន៍ ផ្សោតទន្លេមេគង្គ ព្រៃឈើ ការការពារបរិស្ថាន ការជំរុញបង្កើនគុណភាពផលិតផល និងសេវាទេសចរណ៍ ការរក្សាបាននូវសុខសន្តិភាព សុវត្ថិភាពទេសចរ ការរក្សាភាពញញឹមរួសរាយរាក់ទាក់ ជាប្រពៃណីរបស់ប្រជាជនយើង ក្នុងការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ភ្ញៀវយ៉ាងកក់ក្តៅ ក្នុងស្មារតីស្រលាញ់រាប់អាន សហប្រតិបត្តិការល្អ ជាពិសេសចូលរួមកាន់តែខ្លាំងក្លា ដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ ដើម្បីធ្វើឱ្យកម្ពុជាស័ក្តិសម ជាព្រះរាជាណាចក្រអច្ឆរិយៈ និងក្លាយជាគោលដៅទេសចរណ៍លំដាប់ ពិភពលោក។
សម្ដេចបវរធិបតីបានបន្តទៀតថា កិច្ចខិតខំប្រឹងប្រែងរបស់យើង តាមទស្សនទានទាំងឡាយ ដែលបានលើកឡើងខាងលើនេះ គឺជាបុព្វហេតុដើម្បីអភិវឌ្ឍវិស័យទេសចរណ៍របស់យើង ដែលធ្វើឱ្យកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ក្លាយជាគោលដៅ ទេសចរណ៍លេចធ្លោប្រកបដោយភាពទាក់ទាញ និងមានឧត្តមភាពប្រកួតប្រជែងខ្ពស់ ផ្តល់នូវភាពកក់ក្តៅដល់ទេសចរគ្រប់ជាតិសាសន៍៕