(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦នេះ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ បានលុបចោលនូវសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា «ជំងឺ Zika កំពុងកើតមាននៅតាមតំបន់ខ្លះ នៃប្រទេសកម្ពុជា» ចេញពី Facebook ផ្លូវការរបស់ខ្លួន បន្ទាប់ពីមានប្រតិកម្មធ្ងន់ៗពីលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់កម្ពុជា។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានប្រកាសបដិសេធចោលទាំងស្រុង ជុំវិញព័ត៌មានរបស់ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា ដែលបានផ្សាយថា កម្ពុជាកំពុងមានជំងឺ «Zika» ខណៈដែលក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ បាននឹងកំពុងយកចិត្តទុកដាក់ជាទីបំផុត។
លោករដ្ឋមន្ដ្រី បានបញ្ជាក់ប្រាប់ អង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ យ៉ាងដូច្នេះថា «ខ្ញុំសូមបដិសេធចោលទាំងស្រុង ហើយកម្ពុជាគ្មានជំងឺ Zika ដូចការចោទប្រកាន់របស់ស្ថានទូតអាមេរិកនោះទេ ចាប់តាំងពីឆ្នាំ២០១០មក ប្រទេសកម្ពុជាពុំទាន់រកឃើញករណី Zika ទេ។ បច្ចុប្បន្ននេះបញ្ហាជំងឺ Zika ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ បាននឹងកំពុងយកចិត្តទុកដាក់ជាទីបំផុត និងតម្លាភាព ហើយពេលនេះ កម្ពុជាបានសហការគ្នាជាមួយ អង្គការសុខភាពពិភពលោក និងវិទ្យាស្ថានជាតិប៉ាស្ទ័រ ដើម្បីទប់ស្កាត់ជំងឺនេះមិនឲ្យចូលកម្ពុជា»។
សូមជំរាបថា ការប្រកាសបដិសេធរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោកទទួលព័ត៌មានថា ស្ថានទូតអាមេរិក នៅទីក្រុងភ្នំពេញ បានចេញផ្សាយព័ត៌មានស្តីពីជំងឺ Zika នៅកម្ពុជា, ដោយបានលើកឡើងថា «ជំងឺ Zika កំពុងកើតមាននៅតាមតំបន់ខ្លះ នៃប្រទេសកម្ពុជា ហើយគេមិនដឹងថា អ្នកធ្វើដំណើរប្រឈមនឹងជំងឺនេះប៉ុនណាទេ។ ដូច្នេះនារីដែលមានផ្ទៃពោះ ឬគ្រោងនឹងមានផ្ទៃពោះ គួរតែពិភាក្សាពីគំរោងធ្វើដំណើរ ជាមួយវេជ្ជបណ្ឌិត ហើយគួរពិចារណាផ្អាកការធ្វើដំណើរណាដែលមិនចាំបាច់មកប្រទេសកម្ពុជា»។
នៅពេលនេះសេចក្តីប្រកាសព័ត៌មាននេះ ត្រូវបានខាងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដកចេញវិញហើយ ពីលើ Facebook ផ្លូវការរបស់ខ្លួន៕