(ភ្នំពេញ)៖ នៅព្រឹកព្រលឹមថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអំពាវនាវតាម Facebook របស់សម្តេចឲ្យប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗ ដើម្បីជាការប្រើប្រាស់តួនាទី និងកាតព្វកិច្ចជាំពលរដ្ឋល្អ ដើម្បីត្រៀមខ្លួន ក្នុងការបោះឆ្នោតនៅពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរទាំងស្រុងយ៉ាងដូច្នេះថា «សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋបានជួបជុំសប្បាយរីករាយ ជាមួយក្រុមគ្រួសារសាច់សារលោហិត នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌកន្លងមកនេះ។

ទន្ទឹមនឹងនេះដែរ សូមបងប្អូនប្រជាពលរដ្ឋ ទៅចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗគ្នា ជាពិសេសក្មួយៗដែលមានអាយុគ្រប់អាចបោះឆ្នោតបាន។ នេះគឺជាការប្រើប្រាស់តួនាទីនិងកាតព្វកិច្ចជាពលរដ្ឋល្អ ដើម្បីត្រៀមខ្លួនក្នុងការបោះឆ្នោតនៅពេលខាងមុខ។

សម្តេចតេជោ បានលះបង់អាយុជីវិតផ្ទាល់ខ្លួន រួមសុខរួមទុក្ខជាមួយពលរដ្ឋតាំង ពីប្រទេសបានធ្លាក់ចូលក្នុងភ្លើងសង្រ្គាម ហើយបានរំដោះជីវិតពលរដ្ឋរាប់លាននាក់អោយមានសិទ្ឋិសេរីភាព និងបានកសាងកម្ពុជាដែលត្រូវបានបំផ្លាញស្ទើររលាយទាំងស្រុងអោយក្លាយមកជាកម្ពុជាស្រស់ស្អាត និងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃ។ ច្បាស់ណាស់ គាំទ្រសម្តេចតេជោ ហ៊ុន សែន គឺបន្តការពារ និងគាំទ្រសុខសន្តិភាព និងការអភិវឌ្ឍកម្ពុជាអោយកាន់តែរីកចម្រើនខ្លាំងទៅមុខទៀត។

សូមជូនពរជនរួមជាតិជួបតែសំណាងល្អ និងមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរ»


សូមជម្រាបថា ថ្ងៃទី០៤ ខែតុលានេះ ជាថ្ងៃទី៣២ នៃដំណើរការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មី។ ដំណើរការចុះឈ្មោះបោះឆ្នោត ចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ គិតត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦ ប្រជាពលរដ្ឋ ៤លាននាក់ហើយបានទៅចុះឈ្មោះបោះឆ្នោត៕