(ក្រចេះ)៖ លោកទេសរដ្ឋមន្រ្តីកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោក ហេង សុថា អភិបាលរងខេត្ត និងលោក ទុយ ប៊ុនសេរីរ័ត្នមុនី អភិបាលរងខេត្ត តំណាងលោកអភិបាលខេត្តក្រចេះ អាជ្ញាធរស្រុកចិត្របុរី និងមន្ទីរជំនាញកសិកម្មខេត្ត នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងចុះជួបសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលបានជម្លៀស ទៅកាន់ទីទួលសុវត្ថិភាពតាឃីន ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
នាឱកាសនោះលោកទេសរដ្ឋមន្រ្តីកិត្តិសង្គហបណ្ឌិត គន់ គីម បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព និងគ្រួសារដែលប្រឈមរងផលប៉ះពាល់ ដោយរបបទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង នៅក្នុងឃុំបុសលាវ ស្រុកចិត្របុរី ទាំងអស់ឱ្យយកចិត្តទុកដាក់ថែទាំសុខភាព ដោយត្រូវហូបស្អាត រស់នៅស្អាត និងចេះអនាម័យខ្លួនប្រាណ ដើម្បីចៀសឆ្ងាយពីការឆ្លងការជំងឺរាតត្បាតផ្សេងៗ។
លោកទេសរដ្ឋមន្រ្តី បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានភូមិ ឃុំ ស្រុក ត្រូវបន្តយកចិត្តទុកដាក់តាមដាន និងចេះរាយការណ៍មកអាជ្ញាធរខេត្តភ្លាមៗ ដើម្បីត្រៀមបង្ការជួយប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា នូវគ្រប់បញ្ហាប្រឈមនានា ដែលកើតឡើងជាថាហេតុ។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា កាលពី៥ឆ្នាំមុន យើងបារម្ភពីការជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាព ប៉ុន្តែបច្ចុប្បន្នមិនព្រួយបារម្ភទៀតទេ ដោយសារពួកគាត់បានយល់ដឹង និងទទួលដំណឹងពីអាជ្ញាធរ ហើយប្រជាពលរដ្ឋ ក៏បានត្រៀមលក្ខណៈយ៉ាងល្អ ព្រោះអាជ្ញាធរនៅមូលដ្ឋានភូមិ ឃុំ ស្រុក បានសម្រួលឱ្យមន្ត្រីឃោសនា និងអប់រំដល់ពួកគាត់ ធ្វើឱ្យពួកគាត់បានត្រៀមទុកជាមុននូវសម្ភារនានា ដែលត្រូវយកភ្ជាប់ខ្លួន។ ស្របពេលជាមួយគ្នានោះលោកទេសរដ្ឋមន្រ្តី កិត្តិសង្គហបណ្ឌិត គន់ គីម បានចុះពិនិត្យស្រូវដែលរងការលិចលង់ ក្នុងជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀង នាប៉ុន្មានថ្ងៃមុននេះ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក ទ្រី សុភ័ក្ត្រ បានឱ្យដឹង នៅថ្ងៃទី២៦ ខែកញ្ញានេះ ការស្រង់ព័ត៌មានជុំវិញការលិចលង់នេះ មិនទាន់បាន១០០ភាគរយនោះទេ ហើយក៏មិនទាន់បានបិទបញ្ចប់នោះដែរ ។ លោកថាទូទាំងខេត្តប៉ះពាល់ដំណាំស្រូវ ៧ពាន់ ៩៣៤ហិកតា ស្មើនឹង ៨ពាន់ ១៦១គ្រួសារ ក្នុងនោះ វាយតម្លៃខូចខាត ៣ពាន់ ៩៩៤ហិកតា ស្មើនឹង ៤ពាន់ ២១៩ហិកតា ,លទ្ធភាពស្តារឡើងវិញបានចំនួន ៣ពាន់ ៧៧៣ហិកតា ស្មើនឹង ៤ពាន់ ៦៤គ្រួសារ នេះជាការវាយតម្លៃបឋមសម្រាប់ថ្ងៃទី២៥ ខែកញ្ញា២០២៤ និងនៅថ្ងៃទី២៦កញ្ញានេះ កំពុងធ្វើបច្ចុប្បន្នភាពជាបន្តទៀត។
លោក ទ្រី សុភ័ក្ត្រ បានឱ្យដឹងទៀតថា នៅក្នុងឃុំបុសលាវ មានផលប៉ះពាល់ ៤៦២ហិកតា ស្មើនឹង ៦៥៥គ្រួសារ លទ្ឋភាពស្តារឡើងវិញចំនួន ៣០៤ហិកតា ប៉ុន្តែប្រសិនបើរយៈពេលមួយសប្តាហ៍ទៀត ទឹកមិនស្រកអស់ទេនោះ វានឹងរងការខូចខាត ៩៩ភាគរយ ប្រសិនបើទឹកលិចចាប់ពីរយៈពេល ៨ថ្ងៃឡើងទៅ គឺវានឹងរងការខូចខាតទាំងស្រុង។
សូមជម្រាបថា កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ គិតត្រឹមម៉ោង៤រសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ទឹកមានកម្ពស់ ២១.៤០ ម៉ែត្រ បើធៀបនឹងពេលព្រឹក ថ្ងៃដដែល ទឹកស្រក់ចុះ ០.១៣ ម៉ែត្រ៕