(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី អគ្គស្នងការរងនគរបាលជាតិ បានជំរុញដល់នាយកក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខ និងសហគ្រាស គ្រឹះស្ថាននានា បន្ដចូលរួមគាំទ្រដល់ការបណ្ដុះបណ្ដាលបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន តាមរយៈការចាត់បញ្ជូនភ្នាក់ងាររបស់ខ្លួនមកទទួលការបណ្ដុះបណ្ដាល ពីអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងឱកាសអញ្ជើញជាតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៦៥ លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានចាត់ទុកថា ភ្នាក់ងារសន្ដិសុខឯកជន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើជាកម្លាំងជំនួយដល់សមត្ថកិច្ច លើការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់សង្គម។
អគ្គស្នងការរងនគរបាលជាតិរូបនេះ បានគូសបញ្ជាក់ថា វគ្គបំប៉នជំនាញនាពេលនេះក្នុងគោលបំណងឲ្យភ្នាក់ងារសន្តិសុខ ឯកជន មានវិជ្ជាជីវៈ និងជំនាញច្បាស់លាស់ ស្រប់តាមអនុក្រឹត្យលេខ ២៨៩ អនក្រ.បក របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្ដីណែនាំ លេខ០៣៣ សណន របស់ក្រសួងមហាផ្ទៃ តម្រូវឲ្យភ្នាក់ងារសន្តិសុខឯកជន ទទួលការបណ្តុះបណ្តាលជាចាំបាច់។
លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានស្នើភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវយកចំណេះដឹងដែលទទួល បានពីការសិក្សានេះទៅអនុវត្ត និងបន្តពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពឆ្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន។ លើសពីនេះត្រូវមានឥរិយាបថ សមរម្យក្នុងការចូលរួមធ្វើការងារ ដោយប្រកាន់យកអ្វីដែលជាការត្រឹមត្រូវក្រោយ ទទួលការបណ្តុះបណ្តាល គោរពឲ្យបាននូវលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន
ជាមួយគ្នានេះ លោកបានក្រើនរំលឹក និងណែនាំដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ត្រូវបង្កើតកិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរនៅមូលដ្ឋាន ពោលត្រូវធ្វើជាពលរដ្ឋល្អ និងមហាជនល្អ, ជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច, សហការបានល្អ ឆ្លើយតបបានទាន់ពេលវេលា។ ក្នុងករណីបានឃើញ ឬសង្ស័យ លើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាម ដល់អាជ្ញាធរមានសមត្ថកិច្ច ឬមកនាយកដ្ឋានផ្ទាល់ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសបានទាន់ពេលវេលា។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បច្ចុប្បន្ននេះ ការបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន សរុប៦៥លើក ដែលមានសិក្ខាកាមជាភ្នាក់ងារសន្តិសុខឯកជន ចំនួន១១,០១៨នាក់ (ស្រី២៣៥នាក់) និងសិក្ខាកាមជានគរបាលជាតិ ចំនួន២៥៩នាក់ (ស្រី២៣នាក់)។
លោកបញ្ជាក់ថា ការបើកវគ្គបំប៉នជំនាញនេះក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃការបង្កើនសមត្ថភាព ដើម្បីក្លាយខ្លួនជាភ្នាក់ងារសន្តិសុខឯកជនដែលមានជំនាញ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការចូលរួមចំណែកក្នុងសកម្មភាពថែរក្សា និងការពារស្ថេរភាព សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងអាយុជីវិតរបស់ប្រជាពលរដ្ឋ ព្រមទាំងលើកកម្ពស់គោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាពឲ្យបានល្អប្រសើរ។
បើតាមលោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី, ភ្នាក់ងារសន្តិសុខឯកជន ដែលបានឆ្លងវគ្គបំប៉នជំនាញកន្លងមកនេះ ធ្វើឲ្យមានវិជ្ជាជីវៈច្បាស់លាស់ មានក្រមសីលធម៌ល្អ អប្បកិរិយាល្អ មានកិច្ចសហការល្អ និងចេះដឹងផ្នែកច្បាប់មួយចំនួន ធ្វើឲ្យវិស័យសន្តិសុខឯកជននេះមានការគាំពារ ប្រកបដោយគុណភាព និងនិរន្តភាព៕