(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកោះហៅស្ដ្រីម្នាក់មកធ្វើការសួរនាំ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីឃើញការបង្ហោះរូបភាពរបស់ស្ដ្រីម្នាក់នេះហាក់សិចស៉ីហួសហេតុពេក នាំឲ្យប៉ះពាល់ដល់តម្លៃស្ដ្រីខ្មែរ។
ក្រោយទទួលបទបញ្ជា នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃផែនការងារសន្ដិុសុខ បានធ្វើការកោះហៅម្ចាស់គណនីហ្វេសប៊ុកឈ្មោះ យុន សុខផល្លីន មកបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្ហោះរូបភាពបែបសិចស៊ី។
នៅចំពោះមុខសមត្ថកិច្ច និងតាមរយៈវីដេអូសុំទោសជាសាធារណៈ ស្ដ្រីឈ្មោះ យុន សុខលីន ម្ចាស់គណនីហ្វេសប៊ុក យុន សុខផល្លីន បានសម្ដែងនូវការសោកស្ដាយចំពោះទង្វើខុសឆ្គងរបស់ខ្លួនចំពោះការបង្ហោះរូបភាពស៉ិចស៉ីហួសហេតុ និងសន្យាថា បញ្ឈប់រាល់សកម្មភាពខុសឆ្គងចាប់ពីពេលនេះតទៅ៕