(ភ្នំពេញ)៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ការិយាល័យកយកា-KOICA ប្រចាំកម្ពុជា បានបើកវគ្គតម្រង់ទិស មុនចេញដំណើរសម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជា មកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ព្រមទាំងភ្នាក់ងារកម្មសិទ្ធិបញ្ញា និងមន្ត្រីកម្មសិទ្ធិបញ្ញា ក្នុងវិស័យឯកជន ដែលត្រូវបានជ្រើសរើសសម្រាប់វគ្គបណ្តុះបណ្តាលស្តីពី «ការកសាងសមត្ថភាពសម្រាប់កម្មសិទ្ធិបញ្ញា និងប្រព័ន្ធកម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្មនៅកម្ពុជាសម្រាប់ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥» ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋកូរ៉េ។
គោលបំណងនៃកម្មវិធីបណ្តុះបណ្តាលនេះ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា តាមរយៈការពង្រឹងសមត្ថភាពរបស់អ្នកជំនាញកម្មសិទ្ធិបញ្ញា ក្នុងការបង្កើត និងធ្វើពាណិជ្ជកម្មកម្មសិទ្ធិបញ្ញា។ លើសពីនេះ វាមានគោលបំណងលើកទឹកចិត្តដល់សកម្មភាពអាជីវកម្មដែលជំរុញដោយកម្មសិទ្ធិបញ្ញា រវាងសហគ្រាសធុនតូច និងមធ្យមរបស់កូរ៉េ និងកម្ពុជា តាមរយៈជំនាញរបស់អ្នកជំនាញទាំងនេះ។ ទីបំផុត កម្មវិធីស្វែងរកការបង្កើតឱកាសអាជីវកម្មថ្មីដោយប្រើប្រាស់អំណាចនៃកម្មសិទ្ធិបញ្ញា។
កម្មវិធីបណ្តុះបណ្តាលនេះរួមមានសិក្ខាកាមសរុបចំនួន២០នាក់ ដែលរួមមានមន្ត្រីរដ្ឋាភិបាលកម្ពុជាមកពី មន្ត្រីរដ្ឋាភិបាលកម្ពុជា មកពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ព្រមទាំងភ្នាក់ងារកម្មសិទ្ធិបញ្ញា និងមន្ត្រីកម្មសិទ្ធិបញ្ញា ក្នុងវិស័យឯកជន។ ឆ្នាំនេះជាឆ្នាំទី២ នៃកម្មវិធីនេះ បន្ទាប់ពីវគ្គបណ្តុះបណ្តាលឆ្នាំទី១ ដែលធ្វើឡើងដោយជោគជ័យនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។
កម្មវិធីតម្រង់ទិសមុនចេញដំណើរក៏មានការចូលរួមពីសិក្ខាកាមមកពីកម្មវិធីបណ្តុះបណ្តាលជាសាកលចំនួនបីវគ្គ ដែលរួមមានមន្ត្រីរដ្ឋាភិបាលមកពី ១) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ២) ក្រសួងរ៉ែ និងថាមពល និង ៣) ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងឱកាសបើកវគ្គតម្រង់ទិសមុនចេញដំណើរ លោកស្រី លី សេជីន (Lee Sejin) នាយិការងប្រចាំប្រទេសនៃការិយាល័យ កយកា-KOICA ប្រចាំប្រទេសកម្ពុជា បានអបអរសាទរដល់សិក្ខាកាម និងបានផ្តល់នូវចំណេះដឹងដ៏មានតម្លៃចំពោះកម្មវិធីបណ្តុះបណ្តាលកយកា-KOICA។ លោកស្រី ក៏បានសម្តែងក្តីសង្ឃឹមថា កម្មវិធីនេះនឹងបំពេញតាមគោលបំណងរបស់ខ្លួន ផ្តល់នូវបទពិសោធន៍ដ៏ល្អមួយ និងលើកកំពស់សមត្ថភាពរបស់សិក្ខាកាមទាំងអស់។ លោកស្រី បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យទទួលបានឱកាសពិសេសនេះ ដើម្បីស្វែងយល់ពីដំណើរការអភិវឌ្ឍរបស់ប្រទេសកូរ៉េ អំឡុងពេលស្នាក់នៅសាធារណរដ្ឋកូរ៉េ និងចែករំលែកចំណេះដឹងដែលទទួលបាននៅពេលត្រឡប់មកកម្ពុជាវិញ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
នៅក្នុងកម្មវិធីតម្រង់ទិសមុនការចេញដំណើរនេះ មន្ត្រីកយកា-KOICA ប្រចាំប្រទេសកម្ពុជា បានផ្តល់នូវទិដ្ឋភាពសង្ខេបនៃវគ្គបណ្តុះបណ្តាល និងសិក្ខាកាមបានយក់ពីកម្មវិធីបណ្តុះបណ្តាលរបស់កយកា-KOICA។ កម្មវិធីនេះក៏មាន កម្មសិក្សាការី ដែលបានបញ្ចប់ការសិក្សាមកពីប្រទេសកូរ៉េ តាមរយៈកយកា-KOICA បានចែករំលែកព័ត៌មាន និងបទពិសោធន៍ ដែលមានប្រយោជន៍អំពីជីវិតនៅក្នុងប្រទេសកូរ៉េ និង មន្រ្តីកយកា-KOICAបានគូសបញ្ជាក់ពីគោលការណ៍ណែនាំសំខាន់ៗ រួមទាំងក្រមសីលធម៌ និងគោលនយោបាយទាក់ទងនឹងការបៀតបៀនផ្លូវភេទផងដែរ។
សិក្ខាកាមដែលបានជ្រើសរើសបានបង្ហាញពីការដឹងគុណរបស់ពួកគេចំពោះ កយកា-KOICA និងរដ្ឋាភិបាលកូរ៉េស ម្រាប់ការគាំទ្រ ហើយពួកគេបានបង្ហាញការចូលរួម និងការប្តេជ្ញាចិត្តពេញមួយវគ្គ ដើម្បីលើកកម្ពស់ការកសាងសមត្ថភាព សម្រាប់ការយល់ដឹងដ៏ទូលំទូលាយអំពីកម្មសិទ្ធិបញ្ញា និង កម្មវិធីទទួលស្គាល់ប្រកាសនីយបត្រតក្កកម្ម។
គួរកត់សម្គាល់ថា ចាប់តាំងពីឆ្នាំ១៩៩៤មក កម្មវិធីបណ្តុះបណ្តាលរបស់កយកា-KOICA បានគាំទ្រដល់មន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលមានសិក្ខាកាមបានបញ្ចប់កម្មវិធីបណ្តុះបណ្តាលសរុបចំនួន៣ ៧៧៣នាក់ ក្នុងកម្មវិធីជំនួយផ្សេងៗ ដូចជា កម្មវិធីបណ្តុះបណ្តាលសម្រាប់ប្រទេស ការបណ្តុះបណ្តាលជាសកល និងកម្មវិធីអាហារូបករណ៍។ កយកា-KOICA នឹងបន្តគាំទ្រ និងអនុវត្តកម្មវិធីនានាក្នុងប្រទេសកម្ពុជា ដែលកំណត់គោលដៅអភិវឌ្ឍន៍ធនធានមនុស្ស៕