(ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសេចក្តីប្រកាសព័ត៌មានស្តីពីការចោទប្រកាន់ក្រុមក្មេងទំនើងពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន បានបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្មេងទំនើងមួយក្រុម មានគ្នាចំនួន ០៦នាក់ ប្រើប្រាស់កាំបិតតាំងតោ ដេញកាប់ជនរងគ្រោះ និងវាយទៅលើម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យបែកកុងទ័រខាងមុខចំនួន ០៤គ្រឿង នៅចំណុចគល់ស្ពានកោះនរា ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ដោយក្នុងនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ រាំ យូ ភេទប្រុស អាយុ១៨ឆ្នាំ រួមទាំងបានដកហូតកាំបិតប៉័ងតោចំនួន ០១ដើម។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះ សមត្ថកិច្ចបាននឹងកំពុងស្រាវជ្រាវបន្ត។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ រាំ យូ ភេទប្រុស អាយុ១៨ឆ្នាំ និងបក្ខពួក ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនាមានសា្ថនទម្ងន់ទោស ប្រព្រឹត្តនៅចំណុចគល់ស្ពានកោះនរា ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បទល្មើសដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ២១៨ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ៕