(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យលោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko អតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន និងជាអតីតឯកអគ្គរាជទូត ពិសេសសម្រាប់ការកសាងសន្តិភាព នៃរដ្ឋាភិបាលជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។
ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានស្វាគមន៍ លោកស្រីសាស្ត្រាចារ្យ និងគណប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានសម្តែងនូវក្តីរីករាយ ដែលលោកស្រីមិនភ្លេចកម្ពុជា ថ្វីត្បិតទស្សនកិច្ចរបស់លោកស្រីមានរយៈពេលខ្លីក៏ដោយ។ សម្តេចសង្ឃឹមថា លោកស្រីអាចនឹងមើលឃើញដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជា ក្រោយសម្រេចបាននូវសុខសន្តិភាព ដែលទាំងអស់នេះបង្ហាញឲ្យឃើញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ សព្វបែបយ៉ាងដែលជប៉ុនបានជួយកម្ពុជា។
លោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឲ្យលោកស្រីចូលជួបសម្តែងការគួរសមនេះ។ លោកស្រី បានរំលឹកពីជំនួបជាមួយសម្តេចកាលពីជាង២០ឆ្នាំមុន ដែលសម្តេចបានផ្តល់កិត្តិយសក្នុងបទសម្ភាសន៍នៅក្នុងកម្មវិធី «Voice of Asia to the West» ក្រោមការរៀបចំរបស់មូលនិធិសាសាកាវ៉ា។
លោកស្រីសាស្ត្រាចារ្យបានវាយតម្លៃខ្ពស់ និងអបអរសាទរ សម្ដេច ដែលបានដឹកនាំប្រទេស សម្រេចបានការអភិវឌ្ឍន៍យ៉ាងត្រចះត្រចង់ និងអបអរសាទរចំពោះភាពជោគជ័យ ដែលសម្ដេចបានបណ្ដុះបណ្ដាលបុត្រា បុត្រីសម្ដេច សម្រាប់បន្តវេន ដែលរួមចំណែកក្នុងការអភិវឌ្ឍប្រទេស។ លោកស្រីបានគូសបញ្ជាក់ថា គោលបំណងចម្បងរបស់លោកស្រី ចំពោះដំណើរទស្សនកិច្ចមកកាន់តំបន់នាពេលនេះ គឺដើម្បីចូលរួមក្នុងសិក្ខាសាលាមួយដែលរៀបចំឡើងដោយ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីខាងកើត ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៧កញ្ញា ហើយលោកស្រី នឹងថ្លែងបាឋកថាមួយនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញផងដែរ។
សិក្ខាសាលានេះ មានគោលដៅជំរុញ និងលើកកម្ពស់របៀបវារៈស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ (WPS) និងស្ត្រីក្នុងសេដ្ឋកិច្ចឌីជីថល (WDE)។ លោកស្រីបានលើកឡើងថា អគ្គលេខាធិការអាស៊ាន លោកបណ្ឌិត កៅ គឹមហួន បានសម្តែងនូវការគាំទ្រចំពោះគម្រោងនេះ និងការលើកទឹកចិត្តឲ្យជប៉ុនតែងតាំងប្រេសិតពិសេសសម្រាប់ការកសាងសន្តិភាពផងដែរ។
លោកស្រីបានបន្តថា មានការស្នើឲ្យធ្វើជាគម្រោងស្រាវជ្រាវ ផ្តោតលើករណីសិក្សារបស់ប្រទេសនីមួយៗទាំង១០ក្នុងអាស៊ាន ដែលផ្តើមចេញពីកម្ពុជា ឥណ្ឌូនេស៊ី និងហ្វីលីពីន បន្ទាប់មកនឹងមានការចូលរួមពីខាងសហរដ្ឋអាមេរិក ដោយសារតែសាកលវិទ្យាល័យ Georgetown មានកម្មវិធីសិក្សាអំពី ស្ត្រី សន្តិភាព និងសន្តិសុខ (WPS) ដ៏រឹងមាំមួយ។
លោកស្រីបានជម្រាបជូន សម្តេចតេជោ ហ៊ុន សែន ផងដែរថា លោកស្រីបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ទាក់ទងទៅនឹងតួនាទីរបស់ស្ត្រី រួមចំណែកថែរក្សាសុខសន្តិភាពនៅក្នុងសង្គម។ លោកស្រីសាស្ត្រាចារ្យ បានកោតសរសើរសម្ដេចតេជោដែលបាន ប្រឹងប្រែងកន្លងមកក្នុងការជួយដល់មីយ៉ាន់ម៉ា ជាពិសេសតាមរយៈដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នាពេលកន្លងទៅនោះ។
ជាកិច្ចឆ្លើយតប សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ ចំពោះលោកស្រីសាស្ត្រាចារ្យ ដែលបានរំលឹកអំពីអនុស្សាវរីយ៍ដែលសម្ដេច បានផ្ដល់បទសម្ភាសជាមួយលោកស្រីសាស្ត្រាចារ្យ កាលពីជាង២០ឆ្នាំកន្លងទៅ ហើយការអញ្ជើញមកពេលនេះ លោកស្រីបានឃើញដោយផ្ទាល់ពីការរីកចម្រើនរបស់កម្ពុជាគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុន បន្តមកដល់អាណត្តិថ្មី ដែលជាអ្នកបន្តវេននេះ ខុសពី២០ឆ្នាំមុនពេលដែលប្រទេសកម្ពុជា ទើបចាកផុតពីសង្គ្រាម និងទើបតែចូលជាសមាជិកអាស៊ាន ហើយនៅពេលបច្ចុប្បន្ន អគ្គលេខាធិការអាស៊ាន ជាជនជាតិខ្មែរផងដែរ។
ពាក់ព័ន្ធនឹងការវិនិយោគលើស្ត្រី សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅក្នុងប្រទេសអាស៊ានទាំង១០ កម្ពុជាជាប់បានពិន្ទុល្អក្នុងការយកចិត្តទុកដាក់លើស្ត្រី។ ជាក់ស្តែង កម្ពុជាមានគោលនយោបាយជាតិគាំពារសង្គម ដែលយកស្ត្រីជាមូលដ្ឋាន ជាពិសេសការយកចិត្តទុកដាក់ទៅលើស្ត្រីដែលមានផ្ទៃពោះ ដោយផ្តល់ការឧបត្ថម្ភចាប់តាំងពីមានផ្ទៃពោះ រហូតដល់ពេលសម្រាលកូន ទាំងការពិនិត្យសុខភាពនៅមន្ទីរពេទ្យ រហូតដល់កុមារកើតមកអាយុ២ឆ្នាំ។
បច្ចុប្បន្ន ស្ត្រីដែលជាកម្មការិនី ក្នុងអំឡុងពេលសម្រាកមាតុភាព៣ខែ មានប្រាក់បៀវត្សចំនួន១២០ភាគរយ ដែលសម្តេចបានលើកឡើងថា ប្រហែលជាប្រទេសដទៃ មិនទាន់មានគោលការណ៍នេះនៅឡើយទេ ហើយរាជរដ្ឋាភិបាលអាណត្តិថ្មី កំពុងតែខិតខំប្រឹងប្រែងដើម្បីអនុវត្តដូចគ្នានេះដែរ ចំពោះមន្ត្រីរាជការ។
សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្ដេចក៏បានណែនាំឲ្យក្រសួងកិច្ចការនារី និងក្រសួងអប់រំ យកចិត្តទុកដាក់ក្នុងការជំរុញឲ្យស្ត្រី ទទួលបានការសិក្សាខ្ពស់ ដោយបច្ចុប្បន្ននេះ ចាប់ពីថ្នាក់បឋមដល់មធ្យមសិក្សាចំនួនស្ត្រីមានច្រើន ប៉ុន្តែចំនួននេះបានថយចុះ នៅពេលដែលចូលដល់កម្រិតបរិញ្ញាប័ត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដោយសារកត្តាប្រពៃណីសង្គម។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានជម្រាបថា ក្នុងនាមជាអនុប្រធានកិត្តិយស នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សម្តេចបានបន្តរួមចំណែក និងធ្វើការរួមគ្នាដើម្បីស្ត្រីតាមរយៈការទម្លាក់ថវិកាផ្ទាល់ ការបង្កើតក្រុមមេធាវី ការស្វះស្វែងផ្តល់ឱកាសដល់ស្ត្រី ជាពិសេសការដាក់ចេញនូវកូតាចំនួនស្ត្រី ក្នុងគណៈអភិបាលខេត្ត-ស្រុក និងក្នុងជួរថ្នាក់ដឹកនាំកំពូលរបស់ស្ថាប័ននានា។ តួយ៉ាង កម្ពុជាមានស្ត្រីជាប្រធានសភាដំបូងក្នុងប្រវត្តិសាស្ត្រ និងរដ្ឋមន្ត្រីជាច្រើននាក់ផ្សេងទៀតជាស្ត្រី។
សម្តេចមានប្រសាសន៍ថា កម្ពុជាជាប្រទេសមាតាធិបតេយ្យ ដូចនេះត្រូវវិនិយោគលើស្ត្រីបន្ថែមទៀត ដែលសម្តេចមានពាក្យស្លោកមួយថា «ជួយស្ត្រី គឺជួយខ្លួនឯង» ហើយអ្វីដែលត្រូវយកចិត្តទុកដាក់បន្ត គឺស្ត្រីត្រូវជួយស្ត្រីគ្នាឯង។ សម្តេចបានជម្រាបជូនលោកស្រីសាស្ត្រាចារ្យថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ នៅក្នុងអាស៊ាន ចំពោះចំនួន នៃការបញ្ជូនកងទ័ពស្ត្រី នៅក្នុងប្រតិបត្តិការសន្តិភាពរបស់អង្គការសហប្រជាជាតិ។
សម្ដេចតេជោ ហ៊ុន សែន និងលោកស្រីសាស្ត្រាចារ្យក៏បានពិភាក្សាគ្នាផងដែរ លើការជួយដោះស្រាយបញ្ហាវិបត្តិនៅមីយ៉ាន់ម៉ា។ សម្តេចតេជោ បានផ្តាំផ្ញើការសួរសុខទុក្ខចំពោះលោក Sasakawa ប្រេសិតពិសេសរបស់ជប៉ុន សម្រាប់ការកសាងសន្តិភាពនៅមីយ៉ាន់ម៉ា។ សម្ដេចតេជោ បានសម្ដែងនូវក្តីសង្ឃឹមថា ប្រទេសសមាជិកអាស៊ាន និងជប៉ុន អាចសហការរួមគ្នា ដើម្បីជួយនាំមីយ៉ាន់ម៉ាមករកភាពល្អប្រសើរឡើងវិញ។
សម្តចតេជោ ហ៊ុន សេន បានស្នើឲ្យជប៉ុនពិនិត្យលទ្ធភាព ក្នុងការផ្តល់ជំនួយលើផ្លូវមនុស្សធម៌ដល់មីយ៉ាន់ម៉ា ចំពោះគ្រោះមហន្តរាយនាពេលថ្មីៗនេះ។ សម្ដេចតេជោ ក៏បានជម្រាបពីការងារអាទិភាពរបស់ព្រឹទ្ធសភា រួមមាន ការធ្វើបច្ចុប្បន្នភាព និងគយនេយ្យភាពរបស់អង្គបោះឆ្នោត និងការរួមចំណែកលើកិច្ចការបរទេសតាមរយៈការទូតសភា។
ជាចុងក្រោយ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានជូនពរលោកស្រីសាស្ត្រាចារ្យ YAMANAKA Akiko សូមឲ្យមានជោគជ័យក្នុងដំណើរទស្សនកិច្ចនាពេលនេះ និងសូមអញ្ជើញមកកម្ពុជាជាថ្មីម្តងទៀត នៅពេលខាងមុខ៕