(សៀមរាប)៖ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលលេខាធិការក្រសួងការពារជាតិ បានកោតសរសើរខ្ពស់ចំពោះវីរភាពយោធិនពិការទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងស្នាដៃ និងគុណបំណាច់ជូនជាតិមាតុភូមិ ប្រកបដោយទឹកចិត្តស្នេហាជាតិ, ការលះបង់ និងពលិកម្មគ្រប់បែបយ៉ាង ក្នុងការប្រយុទ្ធការពារជាតិ និងប្រជាជនកម្ពុជា ប្តូរយកសន្តិភាពធ្វើឲ្យប្រជាពលរដ្ឋរស់ក្នុងសេចក្តីសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។

ការកោតសរសើរយ៉ាងដូច្នេះរបស់នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ពិធិសំណេះសំណាលសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៅក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរកាន់សាសនាព្រះពុទ្ធ ប្រារព្វធ្វើបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ចំនួន ២៩៣គ្រួសារ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់ ប្រមុខថ្នាក់ដឹកនំា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិន នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ សំខាន់ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាបទាំងអស់។

នាយឧត្តមសេនីយ៍ បន្តថា នៅក្នុងរដូវបុណ្យទានប្រពៃណីជាតិ ក៏ដូចពិធីបុណ្យជាតិ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា គណៈប្រតិភូក្រសួងការពារជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលតែងតែចុះមកសាកសួរសុខទុក្ខដល់យោធិនពិការ បាត់បង់សុពលភាពការងារ និងយោធិននិវត្តន៍នៅតាមមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ​ក៏ដូចជា នៅតាមបណ្តាកងពល និងអង្គភាពផងដែរ។

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានថ្លែងអំណរគុណចំពោះគ្រួសារយោធិនពិការ ដែលបានលះបង់ប្តី និងសមាជិកគ្រួសារ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ។ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់តែងតែដឹងគុណជានិច្ច ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់យោធិនពិការ ដែលបានលះបង់សាច់ឈាម ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ដោយគុណបំណាច់ទាំងនេះ សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត បានផ្ដល់នូវអ្វីៗទាំងអស់គ្រប់បែបយ៉ាង ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់យោធិនពិការ ព្រមទាំងក្រុមគ្រួសាររបស់យោធិនពិការកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើចំពោះយោធិនពិការទាំងអស់ ដោយបានដាក់ចេញ និងអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់យោធិនពិការ សំដៅធ្វើយ៉ាងណាជួយដល់យោធិនពិការ និងក្រុមគ្រួសារឲ្យទទួលបានកិត្តិយស និងសេចក្តីថ្លៃថ្នូរ គុណភាព និងមានជីវិតល្អប្រសើរ។ នាយឧត្តមសេនីយ៍ ក៏បានធ្វើការផ្តាំផ្ញើដល់យោធិនពិការទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងសំខាន់ចូលរួមក្នុងការបង្ការទប់ស្កាត់ជម្ងឺផ្សេងៗផងដែរ។ 

ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បាននាំយកអំណោយ និងថវិការបស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចែកជូនដល់យោធិនពិការ និងគ្រួសារចំនួន២៦៦គ្រួសារ គ្រូបង្រៀនចំនួន២៥គ្រួសារ ពេទ្យឆ្មបចំនួន ០២គ្រួសារ សរុបចំនួន២៩៣គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន៖ ឃីត ១កញ្ចប់ មាន មី, ត្រីខ, ស្ករស ,ទឹកដោះគោ និងថវិកា ៣ម៉ឺនរៀល និងបានប្រគល់ថវិកាជូនដល់មជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧គូលែនសៀមរាប ចំនួន ៣លានរៀលផងដែរ៕