(កាតា)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត Khalid Bin Mohammed Bin Ghanem Al Thani អនុរដ្ឋមន្ត្រីក្រសួងគរុភ័ណ្ឌសាសនា និងកិច្ចការឥស្លាមកាតា នៅទីក្រុងឌូហា ប្រទេសកាតា។

ក្នុងជំនួបនោះ លោកបានលើកពិភាក្សាអំពីគម្រោងសាងសង់មជ្ឈមណ្ឌលកុមារកំព្រា សាកលវិទ្យាល័យ អាគារពាណិជ្ជកម្ម ដើម្បីរកចំណូលមកទ្រទ្រង់សហគមន៍ឥស្លាម នៅកម្ពុជា។ ក្នុងន័យនេះ លោកបានស្នើឲ្យក្រសួងគរុភ័ណ្ឌសាសនា និងកិច្ចការឥស្លាមកាតា ពិនិត្យលទ្ធភាពជួយគាំទ្រលើគម្រោងទាំងនេះ និងជួយគាំទ្រលើគម្រោងមនុស្សធម៌ផ្សេងៗទៀត ដើម្បីចូលរួមអភិវឌ្ឍសង្គម ក៏ដូចជាសហគមន៍ឥស្លាមកម្ពុជា។

ជាមួយគ្នានេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានជម្រាបពីស្ថានការណ៍នៅកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានធ្វើឲ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ប្រជាជនត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដោយមិនមានការរើសអើងពូជសាសន៍ឡើយ។

លោកក៏បានរំលេចពីរាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ និងផ្តល់ជូនជាច្រើនចំពោះសហគមន៍ឥស្លាមកម្ពុជា ក្នុងនោះទាក់ទងនឹងវិស័យអប់រំ រដ្ឋបានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាម ទៅក្នុងក្របខណ្ឌរដ្ឋ ដែលទទួលបានប្រាក់បៀរវត្ស ដូចគ្រូបង្រៀនទូទៅផងដែរ។

ជាការឆ្លើយតប បន្ទាប់ពីបានស្តាប់ការរៀបរាប់របស់លោកទេសរដ្ឋមន្ត្រី ពីស្ថានភាពសុខដុមនីយកម្មជាតិសាសន៍នៅកម្ពុជា ការរីកចម្រើនលើវិស័យផ្សេងៗ ជាមួយនឹងតម្រូវការរបស់សហគមន៍ឥស្លាមនៅកម្ពុជា អនុរដ្ឋមន្ត្រី ស្នើសុំលោកអូស្មាន ហាស្សន់ ឲ្យក្រុមការងារជួយរៀបចំគម្រោងទាំងនោះ ហើយផ្ញើទៅកាន់ក្រសួងគរុភ័ណ្ឌសាសនា ដើម្បីក្រសួងពិនិត្យលទ្ធភាពជួយនាពេលខាងមុខ។

លោកអនុរដ្ឋមន្ត្រី បានសម្តែងនូវអារម្មណ៍រីករាយ និងគាំទ្រជាខ្លាំង ដែលរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើប្រជាពលរដ្ឋទូទៅ ដោយមិនមានការរើសអើង ជាពិសេសនោះ គឺសហគមន៍ឥស្លាមកម្ពុជា ត្រូវបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការងាយស្រួលប្រតិបត្តិសាសនា និងធ្វើការងារផ្សេងៗ។

សូមជម្រាបថា កន្លងមកលោកបណ្ឌិត អូស្មាន ហាស្សាន់ ធ្លាប់បានជួបពិភាក្សាការងារជាមួយលោក Ghanem bin Shaheen bin Ghanem Al Ghanim រដ្ឋមន្ត្រីគរុភ័ណ្ឌ និងកិច្ចការឥស្លាម នៃរដ្ឋកាតា នៅទីក្រុងដូហា ចំនួន២លើករួចមកហើយ ប៉ុន្តែដោយសារលើកនេះ លោករដ្ឋមន្ត្រីមានបេសកកម្មនៅក្រៅប្រទេស ទើបអនុញ្ញាតឲ្យអនុរដ្ឋមន្ត្រីជួបពិភាក្សាការងារ ជាតំណាង៕