(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រារព្ធពិធីបញ្ចប់គម្រោងរបស់អ្នកស្ម័គ្រចិត្ត កយកា ក្នុងលើកកម្ពស់ការអប់រំកុមារតូច តាមរយៈការ​ធានាសុវត្ថិភាពកុមារ នៅសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិម ក្រោយអនុវត្តន៍ទទួលបានជោគជ័យ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ស៊ីន យ៉ុងវ៉ា នាយករងការិយាល័យ កយកា កម្ពុជា លោក ប៉ាត់ គឹមនីន នាយកសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិម លោក អាន ដាយុទ្ធ មន្ត្រីបច្ចេកទេសគិលានុបដ្ឋាការនៃមន្ទីរពេទ្យកុមារជាតិ និងថ្នាក់ដឹកនាំផ្នែកអប់រំផ្សេងៗទៀត។

សូមបញ្ជាក់ថា គម្រោងនេះផ្តួចផ្តើមដោយអ្នកស្ម័គ្រចិត្ត កយកា កញ្ញា ដូ កាស៊ីល និងសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិម ដោយផ្តោតលើ «គម្រោងសៀវភៅណែនាំសុវត្ថិភាពពេលមានអាសន្នដល់កុមារ» ដោយបានផលិតសៀវភៅណែនាំសុវត្ថិភាពពេលមានអាសន្នរបស់កុមារ ខិត្តប័ណ្ណសុវត្ថិភាព វីដេអូ និងបន្ទះក្ដារពីការសង្គ្រោះបឋម និងការស្លាក់បំពង់ខ្យល់ និងឯកសារអប់រំសំខាន់ៗផ្សេងទៀតនៅសាលា ។

គម្រោងនេះមានគោលបំណងពង្រឹងការត្រៀមលក្ខណៈសង្គ្រោះបឋមដល់កុមារ ដែលជាការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការថែទាំនិងការអភិវឌ្ឍន៍កុមារតូច។
គម្រោងនេះមិនត្រឹមតែមានគោលបំណងពង្រឹងស្តង់ដារសុវត្ថិភាពកុមារ នៅសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិមប៉ុណ្ណោះទេ ប៉ុន្តែវាអាចមានសក្តានុពលក្នុងការផ្សព្វផ្សាយទូទាំងប្រទេស
ដោយផ្តល់ជូននូវសៀវភៅណែនាំសុវត្ថិភាពកុមារ ដែលមិនធ្លាប់មានពីមុនមក។

ដូច្នេះហើយយើងជឿជាក់ថាគម្រោងនេះ នឹងធានាឲបាននូវសមិទ្ធផលយូរអង្វែងមិនត្រឹមតែនៅក្នុងសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈិមប៉ុណ្ណោះទេថែមទាំងនៅទូទាំងប្រទេសកម្ពុជា​ដែលជាការរួមចំណែកដល់ការអភិវឌ្ឍន៍ធនធានមនុស្សនាពេលអនាគតផងដែរ៕