(ក្រចេះ)៖ ស្ថានភាពទឹកទន្លេមេគង្គ ដែលបានជន់លិចលំនៅដ្ឋានមួយចំនួននៅតាមបណ្ដាលក្រុងស្រុក ក្នុងខេត្តក្រចេះ ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ គឺមានមនុស្សស្លាប់ចំនួន៦នាក់ ដោយសារករណីលង់ទឹក។

* ករណីទី១៖ កើតឡើងនៅថ្ងៃទី២០ ខែកញ្ញា គឺមានករណីលិចទូកដឹកដំឡូងមីមួយគ្រឿងបណ្ដាលឲ្យមនុស្សស្លាប់ចំនួន៣នាក់ នៅចំណុចបឹងរាំង ក្នុងភូមិខ្នងពស់ ឃុំដារ ស្រុកចិត្របុរី
* ករណីទី២៖ កើតឡើងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ យុវជនម្នាក់ជួបឧប្បទ្ធវហេតុ (លង់ទឹកស្លាប់) នៅចំណុចវាលសំពង់ ក្រោយភូមិព្រែកប្រសព្វកណ្តាល ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ
* ករណីទី៣៖ កើតឡើងនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ គឺក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ បានលង់ទឹកស្លាប់ ខណៈពេលដែលជិះទូកទៅស្ទូចត្រី នៅចំណុចបឹងវែង ស្ថិតនៅឃុំកំពង់គរ ស្រុកព្រែកប្រសព្វ
* ករណីទី៤៖ កើតឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នៅភូមិជ្រោយថ្មលើ ឃុំឆ្លូង ស្រុកឆ្លូង កុមារអាយុ៨ឆ្នាំម្នាក់ ចុះមុជទឹករអិលធ្លាក់ចូលទឹកទន្លេលង់ស្លាប់។

គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានណែនាំឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន បើគ្មានការចាំបាច់កុំធ្វើដំណើរ ឬចេញទៅនេសាទ និងណែនាំកូនចៅកុំឲ្យនៅជិត ឬលេងតំបន់ងាយរងគ្រោះ ដើម្បីការពារកុំឲ្យកើតមានករណីកើតឡើង ជាយថាហេតុ៕