(បន្ទាយមានជ័យ)៖ លោក សុក​ ចាន់ថា​ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានដឹកនាំការផ្សព្វផ្សាយ អប់រំ ណែនាំ ​ស្ដី​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុងគោលបំណងបញ្ជ្រាបដល់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរលើដងផ្លូវឲ្យមានការយល់ដឹងបន្ថែមទៀត​ ដូចជា ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព បើកបររថយន្តត្រូវពាក់ខ្សែក្រវាត់ ពិសេសត្រូវមានអធ្យាស្រ័យគ្នាទៅវិញទៅមក។

លោក សុក​ ចាន់ថា​ បានបញ្ជាក់ថា​ អ្នកបើកបរម៉ូតូងាយរងគ្រោះថ្នាក់​ជាងអ្នកបើកបររថយន្ត​ ហេតុនេះហើយការប៉ះទង្គិចម្ដងម្ដងឱកាសនៃអ្នករបួស និងអ្នកស្លាប់ និងអ្នកបើកបរម៉ូតូមានច្រើនជាអ្នកបើកបររថយន្ត។ សារសំខាន់របស់លោកប្រធាន សុក​ ចាន់ថា​ «មួក​ សុវត្ថិភាព​មួយ​ ជួយការពារជីវិតបានម្នាក់នេះ​​»។

លោកបានបន្ដថា​ ការចេះយោគយល់ពីច្បាប់ចរាចរណ៍ គឺជាកត្តាចម្បង​ ក៏ប៉ុន្តែកត្តាដែលសំខាន់នោះ​ គឺពេលបើកបរលោកអ្នកត្រូវមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ច​ កុំបើកបរហួសល្បឿនកំណត់ កុំបើកបរពេលកំពុងស្រវឹង​ មានសុជីវធម៌ អធ្យាស្រ័យ​ ចំពោះអ្នកបើកបរឬប្រើប្រាស់ផ្លូវដូចគ្នា​ សូមចាំថាការប្រមាថក្នុងការបើកបរ គឺជាការប្រមាថដល់អាយុជីវិតរបស់ខ្លួនឯង ក៏ដូចជាអ្នកដទៃ។

ក្នុងការចុះផ្សព្វផ្សាយនេះដែរ​ មន្ត្រីរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ក៏បានធ្វើការចែកជូននូវខិត្តប័ណ្ណសៀវភៅស្តីពីច្បាប់ចរាចរណ៍​ បិទចំណាំងប្លាត​ សួរសំណួរចម្លើយដល់អ្នកបើកបរម៉ូតូ​ ដែលពុំបានពាក់មួកសុវត្ថិភាព​ និងបានធ្វើការចែកជូនមួកសុវត្ថិភាពផងដែរ។

សូមបញ្ជាក់ថា រយៈពេលមួយព្រឹកនេះ ជាលទ្ធផល អ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាពមានប្រមាណជាង​៣៥%​ប៉ុណ្ណោះ​៕