(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ប្រតិបត្តិកររូបវន្តបុគ្គល និងនីតិបុគ្គលទាំងអស់ គឺជាកម្លាំងចលករ ដ៏សំខាន់ក្នុងការជំរុញឱ្យកម្ពុជាមានភាពស្អាត មានភាពបៃតង និងមាន ការអភិវឌ្ឍ រីចម្រើនដោយចីរភាព។

ការលើកឡើងរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើង នៅក្នុងពិធីប្រគល់ប័ណ្ណសរសើរ លើកទឹកចិត្តប្រតិបត្តិករ មេត្រីបរិស្ថានឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

លោករដ្ឋមន្រ្តី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ វិស័យឯកជន សាលារៀន និងវត្តអារាម និងបណ្តាដៃគូដែលបានបង្ហាញការប្តេជ្ញាចិត្ត រួមគ្នាជំរុញឱ្យការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិឱ្យទទួលបានជោគជ័យ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលប្រគល់ជូន។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យមានការចូលរួមសាមគ្គីគ្នា បន្តបេសកកម្មសំអាតផ្ទះរបស់យើង ចូលរួមដាំកូនឈើឱ្យបានច្រើន ដើម្បីកម្ពុជាស្អាត មានភាពបៃតង ច្រើនឡើងថែមទៀត ដើម្បីទាក់ទាញអ្នកវិនិយោគ ក៏ដូចជា ទាក់ទាញអ្នកទេសចរណ៍មកទស្សនាកម្ពុជាឱ្យកាន់តែច្រើនបន្តទៅទៀត។

«ក្រសួងបរិស្ថានតាមរយៈការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានដាក់ចេញយុទ្ធនាការស្អាត បៃតង ជាជំហានៗ ច្បាស់លាស់ ដែលត្រូវការការចូលរួមគាំទ្រពីទាំងអស់គ្នា ដើម្បីជាកម្លាំងចលករ ជំរុញល្បឿនឈានឆ្ពោះទៅមុខ ឆ្ពោះទៅរកភាពជោគជ័យជាបន្តទៀត»។ នេះជាការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

សូមជម្រាបជូនថា ប្រតិបត្តិករដែលនឹងត្រូវទទួលបានបណ្ណសរសើរ មេត្រីបរិស្ថានក្នុងឆ្នាំ២០២៤ សរុបចំនួន៥១៩ អង្គ/នាក់ ក្នុងនោះ មកពីគ្រប់វិស័យដែលរួមមានវត្តអារាម សាលារៀនរដ្ឋ និងឯកជន ក្រុមហ៊ុន រោងចក្រ សហគ្រាស ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ សណ្ឋាគារ បដិសណ្ឋារកិច្ច និងភោជនីយដ្ឋានជាដើម អាជ្ញាធរ និងសហគមន៍មូលដ្ឋាន៕