(កំពង់ធំ)៖ ក្នុងពេលកាន់បិណ្ឌវេនទី៩ ចំនួន៨វត្ត ក្នុងឃុំគោលមាន៤វត្ត និងឃុំស្រើងមាន៤វត្ត ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាអនុប្រធានការងារចុះមូលដ្ឋានខេត្តកំពង់ធំ ថ្លែងថា ប្រជាពលរដ្ឋមានឱកាសធ្វើបុណ្យទានបាន ដោយសារមានសុខភាពល្អ ទើបប្រទេសជាតិមានការអភិវឌ្ឍ។

លោកបញ្ជាក់ថា ប្រជាពលរដ្ឋមានឱកាសបានធ្វើបុណ្យទានដូចសព្វថ្ងៃនេះ ដោយសារប្រទេសជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាហើយបន្តវេនដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ពិសេសបងប្អូនមានសុខភាពល្អទើបប្រទេសជាតិមានការអភិវឌ្ឍ ដូច្នេះត្រូវនាំគ្នាថែរក្សាសុខភាពដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាតជាប្រចាំ ចៀសវាងជំងឺតម្កាត់ផ្សេងៗ។

លោកបន្តថា ការប្រារព្ធពិធីបុណ្យនេះ គឺជាទំនៀមទម្លាប់មួយដែលជនជាតិខ្មែរនិយមធ្វើតៗគ្នា តាំងពីបុរាណកាលមក ដូច្នេះប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលជាពុទ្ធសាសនិកជនគប្បីនាំគ្នា ថែរក្សាពិធីបុណ្យ ដែលជាមរតកកេរ្តិ៍ដំណែលវប្បធម៌របស់ដូនតាខ្មែរ ឲ្យបានស្ថិតស្ថិរគង់វង្ស តាមរយៈការបណ្ដុះស្មារតីដល់យុវជន និងកូនចៅជំនាន់ក្រោយទាំងអស់ ឲ្យចេះទៅធ្វើបុណ្យទាន នៅក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ នៅតាមទីវត្តអារាមនានាទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាអភិរក្សពិធីបុណ្យប្រពៃណីជាតិដ៏ល្អផូរផង់នេះកុំឲ្យបាត់បង់។

លោករួមនឹងពុទ្ធបរិស័ទទាំងអស់បាននាំយកចង្ហាន់ទេយ្យទានផ្សេងៗទៅវេរប្រគេនដល់ព្រះសង្ឃក្នុងវត្តនេះ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជន ដែលបានលាចាកទៅកាន់លោកខាងមុខ ក៏ដូចជាវិញ្ញាណក្ខន្ធបុព្វបុរសស្នេហាជាតិទាំងអស់ បានមកទទួលយកកុសលផលបុណ្យតាមជំនឿបែបព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋព្រមទាំងបានធ្វើកិច្ចបែបសាសនាស្របតាមទំនៀមទម្លាប់ នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ។

លោកបានណែនាំដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះកុមារនិងមនុស្សចាស់ព្រោះថានេះជារដូវខែវស្សាទឹកស្ទឹងសែនកំពុងតែឡើងខ្លាំងនិងចូលរួមគោរពច្បាប់ចរាចរណ៍ និងអប់រំណែនាំកូនចៅឲ្យជៀសឆ្ងាយពីគ្រឿងញៀន។

គួសបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីជាតិបែបព្រះពុទ្ធសាសនាដ៏ធំមួយនៅកម្ពុជា ឆ្នាំនេះពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ នៅគ្រប់វត្តអារាម៕