(បាត់ដំបង)៖ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាដំបង បានអញ្ជើញដឹកនាំប្រតិភូចុះសំណេះសំណាលសួរសុខទុក្ខ កងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំ

ដែនកម្ពុជា-ថៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅស្រុករតនៈមណ្ឌល, ស្រុកសំឡូត, ស្រុកសំពៅលូន និងស្រុកកំរៀង នៃខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយករដ្ឋបាល លោក លោកស្រី ជាប្រធាន និងអនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្រ្ដីរាជការចូលរួមផងដែរ។

កិច្ចសំណេះសំណាលសួរសុខទុក្ខកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ក្នុងស្រុកចំនួន៤ រួមមាន៖

*ទី១៖ ស្ថិតនៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥២ ភូមិផ្លូវមាស ស្រុករតនមណ្ឌល មានការអញ្ជើញចូលរួមពី៖ កងពលតូចថ្មើរជើងលេខ៥២ ស្រុករតនៈមណ្ឌល, វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៣១០ ស្រុកសំឡូត, កងការពារព្រំដែនលេខ៥០២ ស្រុកសំឡូត, វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៣ ស្រុកសំឡូត

*ទី២៖ ស្ថិតនៅបញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥៣ ស្ថិតនៅភូមិកំប្រង់ ស្រុកកំរៀង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី៖ កងពលតូចថ្មើជើងលេខ៥៣ ស្រុកកំរៀង, វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ស្រុកកំរៀង និងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ស្រុកសំពៅលូន

ក្នុងឱកាសនោះដែរ លោក សុខ លូ ក៏បាននាំយកអំណោយរបស់រដ្ឋបាលខេត្តបាត់ដំបង បានឧត្ថមគ្រឿងឧបភោគ បរិភោគមួយចំនួនក្នុងមួយអង្គភាពទទួលបាន ភេសជ្ជៈចំនួន៣០កេស, ទឹកសុទ្ធ៥០កេស, នំអន្សមជ្រូក១ស្លឹក, សាច់ជ្រូកស្រស់ ៦០គីឡូក្រាម, បន្លែស្រស់៥០គីឡូក្រាម និងថវិកា៦លានរៀល ដើម្បីធ្វើការចែកជូនដល់កងកម្លាំងដែលការពារនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។

លោកអភិបាលខេត្តបានបញ្ជាក់ថា ជារៀងរាល់ថ្ងៃបុណ្យជាតិធំផ្សេងៗ រដ្ឋបាលខេត្ត តែងតែបាននាំអំណោយចុះមកសួរសុខកងកម្លាំងឈរជើងនៅតាមស្រុកជាប់ព្រំដែនជារៀងរាល់ឆ្នាំ ដោយបានផ្សារភ្ជាប់គ្នាសម្ព័ន្ធមេត្រីភាព រវាងសមរភូមិមុខ និងសមរភូមិក្រោយជាប្រចាំរហូត។ រដ្ឋបាលខេត្តសូមធ្វើការកោតសសើរ ដល់កងកម្លាំងដែលបានលះបង់ នៅឆ្ងាយពីក្រុមគ្រួសារមកបំពេញការងារ ការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋ រស់នៅបានសុខសាន្តជាដារាបមកផងដែរ៕