(សៀមរាប)៖ មណ្ឌលសុខភាពចុងឃ្នៀស សហការជាមួយអង្គការ UNICEF និងអង្គការ RACHA នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បានចុះផ្តល់សេវាសុខភាព ដល់ប្រជាពលរដ្ឋ នៅក្នុងភូមិទី៤ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមកិច្ចយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅលើសុខភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសហគមន៍។

ការចុះផ្តល់សេវាសុខភាពនេះ ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត ចាន់ ធានី នាយិកាប្រតិបត្តិ អង្គការសម្ព័ន្ធសុខភាពកុមារ និងសុខភាពបន្ដពូជ (RACHA) និងលោកស្រី ឌុច ស្រីរត្ន ប្រធានមណ្ឌលសុខភាពចុងឃ្នៀស រួមនឹងសហការីចូលរួមផងដែរ។

សកម្មភាពចុះផ្តល់សេវាសុខភាពនៅតាមខ្នងផ្ទះនេះ ប្រជាពលរដ្ឋដែលមានលំនៅ ដ្ឋានផ្ទះបណ្តែតលើទឹក បានចូលសហការជាមួយក្រុមគ្រូពេទ្យ ដើមី្បធ្វើការស្រាវជ្រាវរកជម្ងឺមិនឆ្លង រួមមាន៖ ( ជម្ងឺទឹកនោមផ្អែម និងជម្ងឺលើសសម្ពាធឈាម ) រួមទាំងបានផ្តល់នូវវ៉ាក់សាំងដល់កុមារមានអាយុក្រោម ២ឆ្នាំ ដោយបានផ្តល់ Vitamin (A) និងថ្នាំទម្លាក់ព្រូន ដល់កុមារ និងត្រួតពិនិត្យនូវសម្ពាមឈាម និងពិនិត្យនូវជាតិស្ករ ព្រមទាំងពិនិត្យអ្នកមានផ្ទៃពោះផងដែរ។

តាមការបញ្ជាក់របស់លោកស្រី ឌុច ស្រីរត្ន បានលើកឡើងអំពីសកម្មភាពរបស់ មណ្ឌលសុខភាព ក្នុងការបម្រើសេវាព្យាបាលជូនដល់ប្រជាពលរដ្ឋ ជាប្រចាំ គឺ២៤ម៉ោងលើ២៤ម៉ោង។ លោកស្រីបន្តថា នៅក្នុងត្រីមាសទី៣នេះ ប្រជាពលរដ្ឋបាលចូលមកពិនិត្យ និងពិគ្រោះជម្ងឺមានប្រមាណជា១ពាន់នាក់។

លោកស្រីបានបន្តថា ជម្ងឺទូទៅ និងពិគ្រោះជម្ងឺបានចំនួន ១,៥៥០នាក់ និងពិនិត្យផ្ទៃពោះ បាន៩៧នាក់ ទទួលសេវាពន្យាកំណើត ៧៨នាក់ និងកុមារអាយុក្រោម២ឆ្នាំ បានចូលមកទទួលថ្នាំបង្ការ និងតាមដានពីការលូតលាស់ ចំនួន៨៧នាក់ ព្រមទាំងមានចូលមកសម្រាលកូន ចំនួន៤នាក់ផងដែរ។ ចំពោះការចាក់វ៉ាក់សាំងបាន១០០% និងផ្តល់ថ្នាំបង្ការដល់កុមារបាន១០០% នៅក្នុងខែនីមួយៗផង​ដែរ។

លោកស្រី ឌុច ស្រីរត្ន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ នៅក្នុងមូលដ្ឋានសង្កាត់ចុងឃ្នៀស ក៏ដូចទូទាំងខេត្ត និងព្រះរាជាណាចក្រកម្ពុជា សូមចូលរួមសហការស្រាវជ្រាវរកជម្ងឺមិនឆ្លង ដែលផ្តល់នូវអត្ថប្រយោជន៍ នៅក្នុងថ្ងៃដែលក្រុមគ្រូពេទ្យចុះស្រាវជ្រាវ និងបានធ្វើតេស្តស្ករ និងពិនិត្យសម្ពាធឈាមដោយឥតគិតថ្លៃ ព្រមទាំងពិនិត្យអ្នកមានផ្ទៃពោះ និងត្រូវនាំកុមារតូចៗមកទទួលថ្នាំបង្កា ផ្តល់នូវ Vitamin (A) និងថ្នាំទម្លាក់ព្រូន។

ម៉្យាងទៀត ដើមី្បសុខភាពក្រុមគ្រួសារបងប្អូន សូមបញ្ឈប់នូវការជក់បារី ពិសារសុរ៉ា ដែលជាហេតុបង្កឲ្យកើតនូវ( ជម្ងឺទឹកនោមផ្អែម និងជម្ងឺលើសសម្ពាធឈាម )ជាដើម។

លោកស្រីវេជ្ជបណ្ឌិត ចាន់ ធានី បានធ្វើការណែនាំមួយចំនួន និងផ្តល់នូវបទពិសោធន៍ បច្ចេកទេស លើការស្រាវជ្រាវ រកជម្ងឺមិនឆ្លង រួមមាន៖( ជម្ងឺទឹកនោមផ្អែម និងជម្ងឺលើសសម្ពាធឈាម ) សំខាន់ទៅលើសុខភាពរបស់កុមារ ក្នុងការផ្តល់នូវវ៉ាក់សាំងដល់កុមារក្រោមអាយុ២ឆ្នាំឲ្យបានគ្រប់ៗគ្នាផង​ដែរ។ 

លោកស្រីវេជ្ជបណ្ឌិត ក៏បានជំរុញដល់ស្ត្រីដែលមានផ្ទៃពោះ ត្រូវទៅពិនិត្យផ្ទៃពោះជារៀងរាល់ខែ មុនពេលយើងសម្រាលកូន និងអាណាព្យព្យាបាលដែលមានកូនតូចៗ សូមទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់គ្នាជារៀងរាល់ខែ និងសូមឲ្យប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយក្រុមគ្រូពេទ្យនៅតាមមណ្ឌលធ្វើការស្រាវជ្រាវរកជម្ងឺមិនឆ្លង រួមមាន៖ ( ជម្ងឺទឹកនោមផ្អែម និងជម្ងឺលើសសម្ពាធឈាម ) ដើមី្បធានបាននូវសុខមាភាពល្អដល់ប្រជាជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងសហគមន៍៕