(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានណែនាំអាជ្ញាធរក្រុងស្រុក កម្លាំងសមត្ថកិច្ចរៀបចំផែនការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ឱ្យបានល្អ ក្នុងឱកាសថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ។

ការថ្លែងបែបនេះរបស់លោក ប៉េង ពោធិ៍សា បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារខែតុលា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ ២០២៤ ដែលមានការចូលរួមពីមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានកោតសរសើរ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានខិតខំការពារសន្តិសុខសណ្តាប់ធ្នាប់ល្អជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសើរ។

បន្ថែមលើសពីនេះ លោកអភិបាលខេត្តបានដាក់ចេញនៅទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

*ទី១៖ មន្ទីរធនធានទឹក នឹងឧតុនិយមខេត្ត ត្រូវពិនិត្យតាមដានពីបញ្ហាអាកាសធាតុនៅក្នុងរដូវវស្សានេះ ជាពិសេសបញ្ហាជំនាន់ទឹកភ្លៀងជាដើម ក្នុងករណីកើតមានឡើងនៅក្នុងតំបន់ណាមួយដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ មន្ទីរនិងអាជ្ញាធរដែនដីត្រូវពិនិត្យដោះស្រាយ។
*ទី២៖ មន្ទីរអប់រំ​ និងអាជ្ញាធរពាក់ព័ន្ធត្រូវត្រៀមលក្ខលក្ខណៈពិនិត្យរៀបចំបរិស្ថានសាលាដូចជា ចំណត់ កង់ ម៉ូតូ សម្រាប់ប្អូនៗ មកប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិដែលនិងឈានមកដល់នៅខែតុលាខាងមុខនេះ។
*ទី៣៖ មន្ទីរកសិកម្មខេត្តត្រូវពិនិត្យតាមដានការបង្ករបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋ និងសង្កេតទៅលើបញ្ហាប្រឈមនានាដូចជា សត្វល្អិតបំផ្លាញ ការខ្វះខាតទឹក ជាដើម។
*ទី៤៖ អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងគ្រប់មូលដ្ឋានទាំងអស់បន្តយកចិត្តទុកដាក់សហការបង្ក្រាបរាល់ក្មេងទំនើងដែលបង្ករការអុកឡុកប៉ះពាល់ដល់សណ្តាប់ធ្នាប់និងរបៀបរៀបរយក្នុងសង្គមមិនត្រូវលើកលែងឡើយ។
*ទី៥៖ បន្តការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដែលបង្ករដោយខ្យល់កន្ត្រាក់ ផ្គរន្ទះជាដើម នៅក្នុងរដូវវស្សានេះ។
*ទី៦៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានម៉ឺងម៉ាត់។
*ទី៧៖ បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាព៕