(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ បានលើកឡើងថា ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាយ គឺជាបញ្ហាកុសលដែលពិឿពលោកកំពុង តែយកចិត្តទុកដាក់ និងរួមគ្នា ដើម្បទប់ស្កាត់និងឆ្លើយតប។ លោកបានបន្តថា «កម្ពុជាយើងបាននិងកំពុងបោះជំហានទៅមុខក្នុងការចូលរួមចំណែកសំដៅឲ្យកាន់តែប្រសើរឡើនូវការលើកកម្ពស់កិច្ចការពារកុមារ»

ការថ្លែងពីរដ្ឋមន្រ្តីសង្គមកិច្ចបែបនេះ បានធ្វើឡើងនៅក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសម្ភារៈសម្រាប់បណ្តុះបណ្តាលអំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ រៀបចំឡើងនាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាស្នាដៃរួមគ្នា ពីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ អង្គការឆាលហ្វាន់កម្ពុជា និងមានការចូលរួមកែលម្អឲ្យកាន់តែប្រសើរពីក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតផងដែរ។

រដ្ឋមន្រ្តី ជា សុមេធី បានបន្ថែមទៀតថា ដើម្បីជំរុញប្រសិទ្ធភាពនៃការអំពាវនាវរបស់ពិភពលោក និងតំបន់ ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងស្ថានភាពគួរឲ្យព្រួយបារម្ភចំពោះមុខ កម្ពុជា បានរៀបចំផែនការសកម្មភាពដើម្បីទប់ស្កាត់​ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០១៧-២០២១ ដើម្បីជាមូលដ្ឋានបង្អែក និងជំរុញការចូលរួមពីក្រសួង ស្ថាប័ន អាជ្ជាធរ និងអង្គភាពពាក់ព័ន្ធ រួមគ្នាទប់ស្កាត់អំពើហិង្សានិងអំពើកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញឲ្យកាន់តែខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាពបន្ថែមទៀត។

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការពន្លឿនដំណើរការកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ឲ្យមានលក្ខណៈស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ដោយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទដ្ឋានទាំងនោះ និងបានដាក់បញ្ចូលខ្លឹមសារពាក់ព័ន្ធទៅក្នុងច្បាប់ គោលនយោបាយ ផែនការនានា​ សំដៅពង្រឹងកិច្ចការពារកុមារពីភាពរងគ្រោះទាំងឡាយឲ្យកាន់តែល្អប្រសើរ។

ជាមួយគ្នានេះដែរ លោក គីម សុវណ្ណឌី អគ្គលេខាធិការក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានលើកឡើងថា កម្ពុជាបានចូលជាសមាជិក នៃប្រទេសភាពជាដៃគូសកល ដើម្បីលុបបំបាត់អំពើហឹង្សាលើកុមារ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ និងចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍ WePROTEC នៅទីក្រុងអាប៊ុយដាប៊ី ឆ្នាំ២០១៥ ពាក់ព័ន្ធនិងសកម្មភាពទប់ស្កាត់ការរំលោភបំពាន និងកេងប្រវ័ញ្ចលើកុមារតាមប្រព័ន្ធអនឡាញ ក្នុងទិសដៅធានានូវសុវត្ថិភាព និងឧត្តមប្រយោជន៍របស់កុមារ ។

លោកបន្តថា ជាទិដ្ឋភាពរួម ការកេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​តាម​ប្រព័ន្ធអនឡាញ​ គឺជាបញ្ហាសកលដែលកើតឡើងក្នុងទម្រង់ផ្សេងៗគ្នា និងបាន​​ក្លាយ​ជា​ក្តី​បារម្ភថ្មី​មួយ​ទៀត ​ដែល​ទាម​ទារ​ឲ្យ​ភាគី​ពាក់ព័ន្ធទាំង​សាធារណជន​ អាណាព្យាបាល​របស់​កុមារ​ អាជ្ញាធរ​ និង​សង្គម​ស៊ីវិល​ ​ចាំបាច់​ធ្វើការ​រួមគ្នា​ដើម្បី​ទប់ស្កាត់ និងការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញនេះ។

លោក គីម សុវណ្ណឌី បានបន្ថែមថា ដើម្បីអនុវត្តស្របតាមផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតបការកេងប្រវញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ២០២១-២០២៥ ដែលជាផែនការផ្តោតលើកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ ជាពិសេសបានផ្តោតលើ៖

គោលដៅយុទ្ធសាស្ត្រទី៣៖ លើកកម្ពស់វិធានការបង្ការ ទប់ស្កាត់ និងស្តារនីតិសម្បទាជនរងគ្រោះពីការកេងប្រវញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ

គោលដៅយុទ្ធសាស្ត្រទី៤៖ ពង្រឹង សមត្ថភាពសហគមន៍ពីការកេងប្រវញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ

គោលដៅយុទ្ធសាស្ត្រទី៦៖ បង្កើនការផ្សព្វផ្សាយ និងការយល់ដឹងត្រឹមត្រូវពីការកេងប្រវញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ៕