(ភ្នំពេញ)៖ លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានសម្រេចឲ្យសភាព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ពិនិត្យសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញឡើងវិញ ពាក់ព័ន្ធការសម្រេច ឲ្យជនជាប់ចោទម្នាក់ជាប់ពន្ធនាគារចំនួន៥ឆ្នាំ ករណីបើករថយន្តបុករះស្លាប់៤នាក់ នៅចំណុចស្ពានអាកាសឬស្សីកែវ។

យោងតាមសេចក្តីប្តឹងឧទ្ធរណ៍ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា លោក អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានសម្រេចឲ្យប្តឹងឡើងវិញចំពោះការសម្រេច របស់សាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងករណីនេះ។

អគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ បានប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ខ្ញុំបានសម្រេចប្តឹងត្រង់ចំណុចទាំងមូល នៃសេចក្តីសម្រេចរបស់សាលក្រម ដើម្បីឲ្យសភាព្រហ្មទណ្ឌរបស់សាលាឧទ្ធរណ៍ពិនិត្យ និងសម្រេចពិចារណា ចំពោះសេចក្តីសម្រេចនេះឡើងវិញ ដើម្បីស្វែងរកយុត្តិធម៌ឲ្យភាគីពាក់ព័ន្ធ»

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្ដីប្រកាសព័ត៌មានស្តីពីការប្រកាសសាលក្រមផ្តន្ទាទោស ជនជាប់ចោទពាក់ព័ន្ធនឹងករណី គ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ នៅចំណុចស្ពានឫស្សីកែវ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ​បានឲ្យដឹងថា ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសជនជាប់ចោទឈ្មោះ នាង សំអូន ភេទប្រុស អាយុ៥៦ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល០៥ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០លានរៀលពីបទ «បើកបរស្ថិតក្នុងស្ថានភាពស្រវឹងបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសអ្នកដទៃ» ប្រព្រឹត្តនៅចំណុចស្ពានឫស្សីកែវ ប្រសព្វផ្លូវជាតិលេខ៥ និងស្ពានប្ញស្សីកែវថ្មី ភូមិមិត្តភាព សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ៨៣កថាខណ្ឌទី២ ចំណុច ខ ចំណុច គ និងមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ខ ចំណុច គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។

ក្រោយការសម្រេចរបស់តុលាការនៅក្នុងសំណុំរឿងនេះ សម្រាប់តែមានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើននៅតាមបណ្តាញសង្គម ធ្វើការរិះគន់យ៉ាងខ្លាំងចំពោះការដាក់ទោសលើជនបង្ក ដែលចាត់ទុកថាមិនសមនឹងទោសប្រព្រឹត្តិនោះឡើយ។ ឆ្លើយតប នឹងការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គមនេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញប្រកាសដោយពន្យល់ថា នេះជាការដាក់ទោសដល់កម្រិតអតិបរមា ដែលច្បាប់បានកំណត់ គឺបុកគេស្លាប់ ត្រូវជាប់គុកត្រឹ

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «ករណីនេះទោះបីជាដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់បានទទួលសំណង និងដកពាក្យបណ្ដឹងរួចហើយក៏ដោយ ក៏ចៅក្រមជំនុំជម្រះ បានប្រកាសទោសដាក់ពន្ធនាគារ ក្នុងកម្រិតអតិបរមា នៃទោសដែលច្បាប់បានកំណត់ និងបានប្រកាសទោសបន្ថែមលើជនជាប់ចោទឈោ្មះ នាង សំអូន ដោយហាមឃាត់ចំពោះការបើកបរយានយន្តគ្រប់ប្រភេទរយៈពេល ៥ឆ្នាំ បន្ទាប់ពីបានអនុវត្តទោសចប់ក្នុងពន្ធនាគារ»។

ដោយឡែកនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា នៅក្នុងពិធីប្រគល់​សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានលើកងឡើងពីបញ្ហានេះផងដែរដោយសម្តេច បានណែនាំឱ្យឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឱ្យធ្វើអធិបញ្ជាទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ដើម្បីប្តឹងតវ៉ាទៅសាលាឧទ្ធរណ៍ ជុំវិញការសម្រេចក្តីឱ្យម្ចាស់រថយន្ត Ford Ranger ជាប់ពន្ធនាគារ៥ឆ្នាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ដូច្នេះថា៖ «ត្រូវប្តឹងទៅឧទ្ធរណ៍ ខ្ញុំប្រគល់ភារកិច្ចឱ្យក្រសួងយុត្តិធម៌ ប្រើអំណាច​អធិបញ្ជារបស់ខ្លួនតាមច្បាប់ឱ្យគោលការណ៍ទៅអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ប្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីពិនិត្យមើលការសម្រេចនេះធ្ងន់គ្រប់គ្រាន់ហើយឬនៅ ព្រោះបុកស្លាប់ដល់ទៅ៤នាក់ឯណោះ»។ បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត, ករណីនេះ ប្រសិនបើច្បាប់ចែងអស់ធ្ងន់ត្រឹម៥ឆ្នាំហើយនោះ ក្រសួងយុត្តិធម៌ ក៏ត្រូវរៀបចំវិសោធនកម្មច្បាប់ នៅពេលខាងមុខ ដើម្បីកំណត់ទោសឱ្យបានសមស្របផងដែរ។

សូមរំលឹកថា មានមនុស្សប្រុសស្រី៤នាក់ បានបាត់បង់អាយុជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ និង៤នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភា្លមៗនៅឯមន្ទីពេទ្យ ក្នុងករណីបុរសម្នាក់បើករថយន្ដ Ford Ranger បុករះម៉ូតូនឹងរថយន្ដជាច្រើនគ្រឿង នៅក្រោមស្ពានអាកាសឬស្សីកែវ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦៖៤០នាទីយប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចក្រោមស្ពានអាកាសឬស្សីកែវ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ៕