(ណាននីង-ចិន)៖ ឆ្លៀតក្នុងឱកាសចូលរួមក្នុងសន្និសីទអាស៊ាន-ចិន លើកទី២១ លើកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងការអភិវឌ្ឍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារ ARDB បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Dongguo Li លេខាធិការគណៈកម្មាធិការរបស់គណបក្សកុម្មុយនីស្តចិន និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ GUANGXI BEIBU GULF BANK ( BBG) នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ដោយមានការចូលរួមពីលោក តាំង សុខងន់ អគ្គកុងស៊ុលកម្ពុជា ប្រចាំតំបន់ស្វយ័ត ខេត្តក្វាងស៊ី និងសហការី។

ក្នុងឱកាសជំនួបនេះ បណ្ឌិត កៅ ថាច បានថ្លែងអំណរគុណដល់ភាគីធនាគារ BBG ដែលបានបំពេញការងារយ៉ាងល្អ ក្នុងនាមជាធនាគារដៃគូ ទូទាត់ប្រាក់ឆ្លងប្រទេស (ប្រចាំប្រទេសចិន) ជាមួយធនាគារ ARDB។

លោកបណ្ឌិតបានសំណូមពរឱ្យធនាគារ BBG បន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការទូទាត់ប្រាក់ឆ្លងប្រទេស ជូនដល់អតិថិជនរបស់ធនាគារ ARDB និងគាំទ្រដល់កិច្ចសហប្រតិបត្តិការគម្រោងហិរញ្ញប្បទានបៃតង របស់ ធនាគារទាំងពីរ។

លោកបណ្ឌិតស្នើសុំឱ្យមានកម្មវិធីផ្តាស់ប្តូរបុគ្គលិករវាងធនាគារទាំងពីរ ដើម្បីសិក្សា និងស្វែងយល់ អំពីបទពិសោធន៍រវាងគ្នាទៅវិញទៅមក និងពិនិត្យលទ្ធភាពបង្កើតក្រុមការងាររួម ដើម្បីសិក្សាអំពីកិច្ចសហប្រតិបត្តិលើផលិតផលថ្មីៗបន្ថែមទៀត របស់ធនាគារ ARDB និង BBG នៅថ្ងៃអនាគត។

ជាការឆ្លើយតប, លោក Dongguo Li ប្រធានក្រុមប្រឹក្សាភិបាលធនាគារ BBG បានបង្ហាញការគាំទ្រចំពោះអ្វីដែលភាគីខាង ARDB បានលើកឡើង ហើយលោកក៏បានបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំនឹងជំរុញឱ្យមានប្រសិទ្ធភាពការងារ ឱ្យកាន់តែប្រសើរឡើងថែមទៀត។

បន្ថែមពីនេះ លោក Dongguo Li ក៏បានបង្ហាញនូវការតាំងចិត្តថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយធនាគារ ARDB នៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង និងគាំទ្រលើគំនិតផ្តួចផ្តើមបង្កើតក្រុមការងាររួមគ្នា សំដៅអាចឱ្យការសិក្សាគម្រោងបង្កើតផលិតផលថ្មីៗនានា របស់ធនាគារទាំងពីរផងដែរ។

សូមបញ្ជាក់ថា ធនាគារ BBG គឺជាធនាគារអន្តរការី (Correspondent Bank) ដែលកំពុងធ្វើកិច្ចសហប្រតិបត្តិការផ្ទេរ និងទូទាត់ប្រាក់ ប្រចាំប្រទេសចិន ជាមួយធនាគារ ARDB៕