(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការបញ្ចប់ CLV គ្មានអ្នកឈ្នះ ឬចាញ់នោះឡើយ គឺជាតិខ្មែរជាអ្នកឈ្នះ ហើយទោះបីជា CLV ត្រូវបានបញ្ចប់ ប៉ុន្តែការអភិវឌ្ឍនៅខេត្តទាំង៤ នៅភាគឦសាន មិនបានដកថយនោះឡើយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

កម្ពុជាបានប្រកាសបញ្ចប់ ការចូលរួមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ចាប់ពីថ្ងៃ២០ ខែកញ្ញា ឆ្នាំ២០២៤។ ការបញ្ចប់នេះ ដើម្បី «ដកអាវុធចេញពីដៃពួកជ្រុលនិយម» កុំឲ្យមានលទ្ធភាពញុះញង់បោកប្រាស់ប្រជាជនកម្ពុជា តទៅទៀតថា កម្ពុជាកាត់ដៃឲ្យប្រទេសជិតខាងតាមរយៈគម្រោងនេះ។

សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមយកឱកាសនេះដើម្បីឆ្លើយតប។ ប្រធានបទនេះ សង្ឃឹមថា ជាប្រធានបទចុងក្រោយ ដែលយើងត្រូវជជែកលើកិច្ចការនេះ។ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានប្រកាសបញ្ចប់ការចូលរួមរបស់កម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA)។ កិច្ចការងារនេះ រឿងនេះ ២៥ឆ្នាំហើយ [...] (ក្រោយការបញ្ចប់ការចូលរួមរបស់កម្ពុជា) មានការប្រកាសជប់លៀង (ពីក្រុមប្រឆាំងជ្រុលនិយម) ថាពួកគេឈ្នះហើយ។ ខ្ញុំថា ទៅមើលឡើងវិញ នរណាជាអ្នកឈ្នះ ការសម្រេចចិត្តចេញ ឬមិនចេញ»

សម្តេចធិបតី បានបន្តថា «រឿងនេះ ជារឿងតូចណាស់ ខ្ញុំធ្លាប់និយាយរួចទៅហើយ។ គោលដៅធំនៃ CLV-DTA គឺជាអ្វី? បើសិនគោលដៅធំនេះ ត្រូវបានដកថយ ចាំយើងនិយាយ។ គោលដៅធំនៃ CLV-DTA គឺជាផ្នែកមួយនៃគោលនយោបាយការអភិវឌ្ឍទិសឦសាន របស់កម្ពុជា ឲ្យខេត្តដែលដាច់ស្រយាលកាន់តែរីកលឿន ដើម្បីភ្ជាប់ជាមួយប្រទេស។ សួរថា គោលដៅនេះយើងបានដកថយ ឬនៅ? អត់ទេ រដ្ឋាភិបាលនៅតែធ្វើដដែល អភិវឌ្ឍទិសឦសានរបស់យើង»

បើតាមប្រសាសន៍សម្តេចធិបតី យើងត្រូវតែបង្កើនម្ចាស់ការអភិវឌ្ឍនៅក្នុងខេត្តទាំង៤ ដោយខ្លួនឯង។ សម្តេចធិបតី បានឲ្យដឹងថា តាំងពីឆ្នាំ២០០០ ដល់ឆ្នាំ២០២៤ ក្នងក្របខ័ណ្ឌ DTA រាជរដ្ឋាភិបាលយើងបានប្រើថវិកាជាតិជិត ៤០០លានដុល្លារ ដើម្បីវិនិយោគទីនោះ ក្របខ័ណ្ឌនៃការអភិវឌ្ឍរួម ដែលដៃគូមាន ADB, World Bank, ជប៉ុន និងអាមេរិក ចំនួន ៣៥០លានដុល្លារ មិនមែនថវិកាពីវៀតណាមមកដាក់វិនិយោគនៅកម្ពុជាទេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបន្តថា នៅខេត្តឦសាន ត្រូវតែធានាធានាបូរណភាពទឹកដី អធិបតេយ្យភាព និងជំរុញការអភិវឌ្ឍ។ ជាមួយគ្នានេះ កិច្ចការបោះបង្គោលព្រំដែន និងធ្វើផ្លូវក្រវាត់ព្រំដែននៅខេត្តភាគឦសាន នៅតែបន្តធ្វើ ទោះបញ្ចប់ CLV-DTA ក៏ដោយ។ សម្តេចធិបតី បានរម្លឹកថា ទឹកដីខ្មែរដែលបាត់បង់ក្នុងប្រវត្តិសាស្ត្រ ដោយសារតែកូនខ្មែររវល់កាប់ចាក់គ្នា។

សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការបញ្ចប់ CLV-DTA គឺជាការដកដាវ ដកគ្រាប់ភ្លើង ចេញពីក្រុមប្រឆាំងនៅក្រៅប្រទេស។ ប៉ុន្តែ ទោះបីបញ្ចប់កិច្ចសហប្រតិបត្តិការ CLV-DTA ត្រូវបានបញ្ចប់ ក៏ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយឡាវ និងវៀតណាម នៅតែបន្តធ្វើជាធម្មតា៕