(ភ្នំពេញ)៖ កម្ពុជា-បារាំង នឹងរៀបចំពិធីអបអរសាទរខួបទី៥០ នៃដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ ដឺហ្គោល ដែលជាពេលវេលា ដ៏វិសេសវិសាលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ពោលគឺជាទំនាក់ទំនងពោរពេញដោយភាព ល្អូកល្អឺន និងគុណតម្លៃ ដែលធ្វើឲ្យប្រទេសទាំងពីរខិតជិតរកគ្នា។
បើតាមសេចក្ដីប្រកាសព័ត៌មាន ដែល Fresh News ទទួលបាននៅយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ពិធីរម្លឹកខួបនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១១ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ ដោយមានកម្មវិធីជាច្រើន ក្នុងនោះមាន សន្និសីទស្ដីពី «ស្មារតី នៃសុន្ទរកថាក្រុងភ្នំពេញ និងកម្ពុជា» ពិព័រណ និងទស្សនីយភាព ពាក់ព័ន្ធ នឹងឥទ្ធិពល នៃដំណើរទស្សនកិច្ចរបស់ លោកឧត្តមសេនីយ៍ ដែលបានធ្វើឡើងក្នុងលក្ខណៈទ្វេភាគី មិត្តភាព និងសាមគ្គីភាព ទៅលើជោគវាសនា នៃប្រទេសកម្ពុជា-បារាំង ក្នុងរយៈពេលជាងកន្លះសតវត្សកន្លងទៅ៕